ហុងកុងនិងបិទជើងហោះហើរពីចក្រភពអង់គ្លេសទាំងស្រុង ដើម្បីបង្ការកូវីដ-១៩ទម្រង់ថ្មីដែលកំពុងរាលដាលនៅអង់គ្លេស
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី២១ធ្នូនេះបានអោយដឹងថា ហុងកុងនៅថ្ងៃច័ន្ទ (ទី ២១ ធ្នូ) បាននិយាយថាខ្លួននឹងហាមឃាត់រាល់ជើងហោះហើរទាំងអស់ពីចក្រភពអង់គ្លេស បន្ទាប់ពីការរកឃើញវីរុសកូរ៉ូណាទម្រង់ថ្មីដែលឆ្លងយ៉ាងរាលដាលយ៉ាងខ្លាំងនៅចក្រភពអង់គ្លេស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលហុងកុង លោកសូហ្វៀ ចាន់ បានប្រាប់អ្នកយកព័ត៌មានថា“ ចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះទៅនឹងមិនមានជើងហោះហើរអ្នកដំណើរមកដល់ហុងកុងពីចក្រភពអង់គ្លេសទេ”នោះគឺបានន័យថាទីក្រុងហុងកុងនិងហាមឃាត់រាល់ជើងហោះហើរពីអង់គ្លេសចាប់ពីថ្ងៃអង្គារ៍ ទី២២ ខែធ្នូទៅ។

គួរបញ្ជាក់ថា ហុងកុងបានចូលរួមជាមួយបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនដែលបានហាមឃាត់ការហោះហើរពីអង់គ្លេសហើយក្រៅពីបណ្តាប្រទេសនៅអឺរ៉ុប ប្រទេសកាណាដា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងចំណោមប្រទេសដែលបានបិទទ្វារផងដែរសម្រាប់អ្នកដំណើរមកពីចក្រភពអង់គ្លេស។យ៉ាងណាមិញ អង់គ្លេសបាននិយាយថា កូវីដទម្រង់ថ្មីនេះ គឺបានឆ្លងដល់ទៅ៧០ភាគរយនៃទូទាំងចក្រភពអង់គ្លេស។

ហើយទោះយ៉ាងណាក៏ដោយ អ្នកជំនាញមិនទាន់អាចបញ្ជាក់ច្បាស់លាស់ពីទម្រង់ថ្មីនៃកូវីដ-១៩ ដែលកំពុងរាលដាលនៅអង់គ្លេសនេះទេ ប៉ុន្តែគេបញ្ជាក់ថាវ៉ាក់សាំងបច្ចុប្បន្នគួរតែនៅមានប្រសិទ្ធភាពប្រឆាំងនឹងវា ហើយកូវីដ-១៩ទម្រង់ថ្មីនេះនៅមិនទាន់រកឃើញនៅតំបន់អាស៊ីនៅឡើយទេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia