(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន The New York Times កាលពីថ្ងៃទី២១ ធ្នូម្សិលមិញបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃច័ន្ទ (២១ ធ្នូ) ក្នុងគោលបំណងដើម្បីបង្កើនទំនុកចិត្តលើសុវត្ថិភាពរបស់វ៉ាក់សាំង មុនពេលចែកចាយធំទូលាយនៅឆ្នាំក្រោយ។
លោក បៃដិនបាននិយាយថា គាត់នឹងធ្វើការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងដែលបានស.ម្លាប់ប្រជាជនអាមេរិកជាង ៣១៥,០០០ នាក់និងឆ្លងជាង ១៧,៥ លាននាក់ដែលជាអាទិភាពកំពូលរបស់គាត់នៅពេលគាត់ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាក្នុងអាយុ ៧៨ ឆ្នាំ ព្រោះគាត់ក៏ជាក្រុមមនុស្សមានហានិភ័យខ្ពស់សម្រាប់ជំងឺនេះដែរ។
យ៉ាងណាមិញ លោកបានធ្វើការចាក់វ៉ាក់សាំងពី Tabe Mase អ្នកជំនាញខាងគិលានុប្បដ្ឋាយិកានិងជាប្រធានផ្នែកសេវាកម្មសុខភាពបុគ្គលិកនៅមន្ទីរពេទ្យ Christiana ក្នុងទីក្រុង Newark រដ្ឋ Delaware នៅចំពោះមុខអ្នកសារព័ត៌មាន។លោកបៃដិននិយាយថា "ខ្ញុំកំពុងធ្វើរឿងនេះដើម្បីបង្ហាញថាប្រជាជនគួរតែត្រៀមខ្លួននៅពេលដែលអាចប្រើវ៉ាក់សាំងបាន។ គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ" ។ហើយប្រពន្ធរបស់គាត់ អ្នកស្រី ជីល បៃដិន ដែលបានចាក់វ៉ាក់សាំងរួចនៅពេលព្រឹកបានឈរនៅក្បែរនោះដែរ។បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងដែលបង្កើតឡើងដោយ Pfizer Inc លោកបៃដិន បានសរសើរអ្នកជំនាញវេជ្ជសាស្រ្តថាជា“ វីរបុរស”។
មិនតែប៉ុណ្ណោះ លោកបានសរសើរដល់អ្នកវិទ្យាសាស្ត្រដែលធ្វើការលើបញ្ហាវ៉ាក់សាំងនេះថា “ ខ្ញុំគិតថារដ្ឋបាលលោក ត្រាំ សមនឹងទទួលបានកត្តិស័ព្ទខ្លះដោយទទួលបានលទ្ធផលល្អក្នុងប្រតិបត្តិការជំរុញអោយមានការផ្តល់វ៉ាក់សាំងជូនពលរដ្ឋបានយ៉ាងឆាប់រហ័សជាប្រវត្តិសាស្រ្ត”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ nytimes