(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅព្រឹកថ្ងៃទី២៣ធ្នូនេះបានអោយដឹងថា បន្ទាប់ពីសាលារៀននៅខេត្ត សាមុន សាខនត្រូវបិទទាំងស្រុង សាលារៀនជាច្រើនទៀតនៅទីក្រុងបាងកកនិងខេត្ត ផាទុម ថានី ត្រូវបានបញ្ជាឱ្យបិទទ្វារនៅថ្ងៃអង្គារនេះដែរ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សាលារៀនចំនួន ២៤ នៅ ផាទុម ថានី ត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៣ ខែមករាបន្ទាប់ពីប្តីប្រពន្ធមួយគូធ្វើការជាអ្នកលក់គ្រឿងសមុទ្រនៅផ្សារ វត្តសៅបា ស្រុកថានីបារី ត្រូវបានរកឃើញថាឆ្លងមេរោគនេះ។
ចំនែកឯសាលាភាគច្រើននៅទីក្រុងបាងកកត្រូវប្តូរទៅរៀនតាមតាមអ៊ិនធឺរណែតវិញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែធ្នូ ចំនែកកម្មវិធីសាលាផ្សេងៗត្រូវពន្យាពេល ហើយសកម្មភាពក្រៅសាលាផ្សេងទៀតក៏នឹងត្រូវផ្អាករហូតដល់មានសេចក្តីជូនដំណឹងថ្មី។អាជ្ញាធរបានប្រកាសអោយ ឪពុកម្តាយនិងគ្រូដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលបានបញ្ជាក់និង / ឬបានទៅលេងខេត្តសាមុតសាខន ចាប់តាំងពីថ្ងៃទី ១ ខែធ្នូត្រូវបានគេណែនាំឱ្យធ្វើតេស្ត។
ចំណែកនៅខេត្តភូកេត សាលារៀនត្រូវបញ្ជាអោយបិទទ្វាទាំងអស់កាលពីថ្ងៃអង្គារ ខណៈឪពុកម្តាយរបស់សិស្សម្នាក់នៅឯសាលា ហ្សាណូគៀត ផាតាណា ធ្លាប់ទៅខេត្តសាមុន សាខន ហើយពួកគេរង់ចាំលទ្ធផលនៃការធ្វើតេស្ត។
រដ្ឋមន្រ្តីក្រសួងអប់រំលោក Nataphol Teepsuwan បាននិយាយថាទន្ទឹមនឹងនេះទិវាកុមារជាតិដែលជាធម្មតារៀបចំនៅថ្ងៃសៅរ៍ទី ២ ខែមករានឹងត្រូវបានពន្យារពេលមួយសប្តាហ៍។
លោកបាននិយាយថាការវាយតម្លៃមួយទៀតនៃស្ថានភាព កូវីដ-១៩ នឹងត្រូវបានធ្វើឡើងនៅពេលក្រោយ ប្រសិនបើគេគិតថាការពន្យារពេលផ្សេងទៀតចាំបាច់។ហើយគួរបញ្ជាក់ថា ការិយាល័យជាតិនៃព្រះពុទ្ធសាសនាក៏បានប្រកាសនៅថ្ងៃអង្គារនេះផងដែរ អំពីការលុបចោលរាល់សកម្មភាពសាសនាប្រចាំឆ្នាំនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយឱកាសនៃការរីករាលដាលនៃវីរុសនៅកន្លែងប្រមូលផ្តុំគ្នា។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost