(បរទេស) អាហ្រ្វិកខាងត្បូងកាលពីថ្ងៃច័ន្ទ (ទី ២៨ ធ្នូ) បានរឹតបន្ដឹងប្រទេសដល់កម្រិតទី៣ ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត និងពង្រីកបម្រាមគោចរទូទាំងប្រទេសនៅពេលការឆ្លងបានរាលដាលដល់មនុស្សលើសពីមួយលាននាក់ នេះបើតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃទី២៩ ធ្នូនេះ។
អាហ្រ្វិកខាងត្បូង បានកត់ត្រានូវចំនួនអ្នកឆ្លងវីរុសដែលមានចំនួនច្រើនបំផុត នៅទ្វីបអាហ្វ្រិកដោយមានករណីចំនួន ១,០០៤,៤១៣ ករណីនិងមានអ្នកស្លា.ប់ជិត ២៧,០០០ នាក់។ករណីប្រចាំថ្ងៃបានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័សនៅចុងខែវិច្ឆិកាគឺចន្លោះពី ១០,០០០ ទៅ១៤,០០០នាក់។
ប្រធានាធិបតីលោក ស៊ីរីល រ៉ាម៉ាភូសា បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តផ្លាស់ប្តូរដាក់ប្រទេសក្នុងកម្រិតអាសន្នទី៣ភ្លាមៗ ដោយរួមបញ្ជូលទាំងការហាមឃាត់ការលក់គ្រឿងស្រវឹង លុបចោលព្រឹតត្តិការណ៍ផ្សេងៗនិងការពាក់ម៉ាស់នៅទីសាធារណៈគឺត្រូវបានតម្រូវដោយច្បាប់ជាដាច់ខាត។
លោកប្រធានាធិបតីបានបន្តថា បម្រាមគោចរទូទាំងប្រទេសនឹងផ្លាស់ប្តូរទៅម៉ោង ១៩:០០ ទៅ ០៧:០០ ម៉ោងក្នុងស្រុក ឧទ្យានសាធារណៈ ឆ្នេរ កន្លែងកំសាន្ត អាងហែលទឹកសាធារណៈ ក្នុងតំបន់ដែលមានការឆ្លងខ្លាំងគឺតម្រូវអោយបិទទាំងអស់។
គួរបញ្ជាក់ថា ពេលនេះចក្រភពអង់គ្លេសនិងអាឡឺម៉ង់បានហាមឃាត់ជើងហោះហើរពីប្រទេសនេះ ហើយប្រធានាធិបតីរូបនេះនិយាយថា “ យើងធ្វើការរឹតត្បិតប្រទេសបែបនេះ គឺដើម្បីតការពារប្រព័ន្ធសុខាភិបាលនិងបុគ្គលិកសុខាភិបាលរបស់យើងដើម្បីឲ្យវាអាចឆ្លើយតបក្រកបដោយប្រសិទ្ធភាពចំពោះវីរុសមួឆ្លងមួយនេះ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia