ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់ ដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩របស់ AstraZeneca
-

(បរទេស) ប្រទេសអង់គ្លេសនៅថ្ងៃពុធ (៣០ ធ្នូ) បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកក្នុងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និង AstraZeneca ដើម្បីប្រយុទ្ធប្រឆាំងនិងមេរោគឆ្លងដែលកំពុងរាលដាលយ៉ាងខ្លាំងក្នុងប្រទេសនេះ នេះបើតាមសារព័ត៏មានCNA ចុះផ្សាយនៅរសៀលថ្ងៃទី ៣០ ធ្នូ។

AstraZeneca បាននិយាយថា ការអនុញ្ញាតគឺសម្រាប់របបចំនួន២ដូស ហើយវ៉ាក់សាំងនេះត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ផ្គត់ផ្គង់បន្ទាន់ ខណៈអង់គ្លេសកំពុងតែផ្ទុះឡើងកូវីដ-១៩ទម្រង់ថ្មី ហើយអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះរហូតដល់ទៅ១០០លានដូស។

ក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា“ សព្វថ្ងៃនេះរដ្ឋាភិបាលបានទទួលយកអនុសាសន៍ពីទីភ្នាក់ងារគ្រប់គ្រងឱសថស្ថាននិងសុខភាព (MHRA) ដើម្បីអនុញ្ញាតិឱ្យចាក់វ៉ាក់សាំងកូវីដរបស់ សាកលវិទ្យាល័យ Oxford / Astra-19 សម្រាប់ការប្រើប្រាស់ដល់ពលរដ្ឋអង់គ្លេស បន្ទាប់ពីបញ្ចប់ដំណាក់កាលធ្វើតេស្តចំនួន៣លើក និងបញ្ជាក់ថាមានប្រសិទ្ធភាពនឹងសុវត្ថិភាព” ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសកំពុងតែចាក់វ៉ាក់សាំងរបស់ Pfizer-BioNTech រួចទៅហើយ។ហើយនៅក្នុងការផ្លាស់ប្តូរវិធីសាស្រ្តនេះ គណៈកម្មាធិការចម្រុះស្តីពីការចាក់វ៉ាក់សាំងសង្ឃឹមថាវានិងជួយពន្លឿនការផ្តល់ជូនវ៉ាក់សាំងដល់ក្រុមដែលមានហានិភ័យខ្ពស់ក្នុងកម្រិតដូសដំបូងអោយបានច្រើនបំផុត។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia