គិលានុបដ្ឋាយិកាម្នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីចាក់វ៉ា់កសាំងរួចអស់ពេលជាងមួយសប្តាហ៍
-

(បរទេស) យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៏មាន Reuters នៅថ្ងៃទី ៣០ធ្នូនេះបានអោយដឹងថា គិលានុបដ្ឋាយិកាអាយុ ៤៥ ឆ្នាំម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ាបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ បន្ទាប់ពីរូបគេទទួលបានការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ជាងមួយសប្តាហ៍រួចហើយក៏ដោយ។

លោក Matthew W. គិលានុប្បដ្ឋាយិកានៅមន្ទីរពេទ្យ២ផ្សេងគ្នា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ១៨ ខែធ្នូថាគាត់បានទទួលវ៉ាក់សាំង Pfizer ហើយ៦ថ្ងៃ បន្ទាប់មកនៅថ្ងៃបុណ្យគ្រីស្មាគ គាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺ ដោយមានអាការៈអស់កំលាំងនិងឈឺសាច់ដុំ។របាយការណ៍មួយបាននិយាយថា គាត់បានបើកឡានទៅកន្លែងធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលទ្ធផលគឺគាត់វិជ្ជមាន។ 

Christian Ramers អ្នកឯកទេសខាងជំងឺឆ្លងនៃមជ្ឈមណ្ឌលសុខភាពគ្រួសារនៃ សាន់ឌី អាហ្គូ បានប្រាប់ភ្នាក់ងារ ABC Newsថា វាមិនមែនជារឿងចំលែកនោះទេ។លោកបានបន្តថា “ យើងបានដឹងរួចហើយពីការសាកល្បងមុននឹងធ្វើការចាក់ជូនជាសាធារណៈ ថាវ៉ាក់សាំងនេះវាត្រូវចំនាយពេលប្រហែលពី ១០ ទៅ ១៤ ថ្ងៃ ទើបវ៉ាក់សាំងចាប់ផ្តើមអភិវឌ្ឍការការពារដល់រាងកាយរបស់យើង”។

លោក Ramers បានបន្ថែមថា“ដូសដំបូងដែលធ្វើការចាក់ជូនគឺមានប្រសិទ្ធភាពការពារប្រហែល ៥០% ហើយអ្នកត្រូវការដូសទី ២ ដើម្បីទទួលបាន ៩៥%” ដូច្នេះហើយយើងគម្បីបន្តការការពារសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់រយះពេលដូសដំបូងនៃវ៉ាក់សាំងបញ្ចេញប្រសិទ្ធភាព ឬ រហូតដល់ទទួលបានវ៉ាក់សាំងដូសទី២។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ reuters