ប្រជាជនមីយ៉ាន់ម៉ានាំគ្នាចូលរួមក្នុងពិធីបុណ្យសពរបស់ស្ត្រីវ័យក្មេងម្នាក់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ក្នុងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ យុវតីរូបនោះគឺជាជនរងគ្រោះដំបូងបង្អស់ដែលត្រូវបានបញ្ជាក់ថាត្រូវបានគេសម្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីកងកម្លាំងសន្ដិសុខបានបាញ់សម្លាប់បាតុករពីរនាក់ផ្សេងទៀតឲ្យស្លាប់។
អន្តរជាតិបានថ្កោលទោសអំពើហិង្សានៅមីយ៉ាន់ម៉ា បន្ទាប់ពីបាតុករ ២ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលប៉ូលិសនិងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិតនិងគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងទឹក និងចំពាមកៅស៊ូ ដើម្បីបង្ក្រាបអ្នកដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសអំពើហិង្សាដ៏ប្រល័យនេះ ដោយសរសេរនៅលើ Twitter កាលពីយប់ថ្ងៃសៅរ៍ថា៖ «ការប្រើកម្លាំងដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ការគំរាមកំហែង ការរំខានយាយីបាតុករដែលតវ៉ាដោយសន្តិវិធី គឺជារឿងដែលមិនអាចទទួលយកបានទេ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Tom Andrews បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំមានក្ដីរន្ធត់ចំពោះការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ដែលក្នុងនោះមានទាំងក្មេងប្រុសជំទង់ម្នាក់នៅក្នុងទីក្រុង Mandalay ផងដែរ ស្របពេលដែលរដ្ឋាភិបាលយោធាបានបង្កើនភាពឃោរឃៅរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយប្រើតាំងពីកាណុងទឹករហូតដល់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែក ហើយឥឡូវនេះទាហានថែមទាំងបានបាញ់គ្រាប់កាំភ្លើងពិតដាក់អ្នកតវ៉ាសន្តិវិធីទៀត។ ភាពឆ្កួតលីលានេះត្រូវតែបញ្ចប់នៅពេលនេះ!»។
ប្រភព និងរូបភាព ៖ VOA News
វីដេអូដោយ៖ BBC