ឥណ្ឌា៖ នៅថ្ងៃទី ២៣ ខែឧសភានៅខេត្ត Rajasthan ប្រទេសឥណ្ឌាមានឧប្បត្តិហេតុភ្ញាក់ផ្អើលមួយអំពីបុរសម្នាក់ដែលបានស្លាប់ហើយរស់ឡើងវិញ ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារ សាធារណះជនមានការការភ័ន្ដភាំងភ្ញាក់ផ្អើលជាខ្លាំង ដែលជម្រុញឲ្យប៉ូលីសធ្វើការស៊ើបអងេ្កត បន្ថែមទៀតទាក់ទិននឹងរឿងនេះ។ នៅថ្ងៃទី ១១ ឧសភា បុរសម្នាក់ឈ្មោះ Omkar Lal Gadulia បានចេញពីផ្ទះដោយប្រាប់សាច់ញាតិរបស់គាត់ថាគាត់ទៅមន្ទីរពេទ្យនៅទីក្រុងដើម្បីពិនិត្យសុខភាព ពីព្រោះគាត់មានជំងឺថ្លើមធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការញៀនស្រា ដោយសារតែបញ្ហាសុខភាពផ្លូវចិត្ដរបស់គាត់ចុះខ្សោយ។
នៅថ្ងៃទី ១២ ខែឧសភាខាងមន្ទីរមន្ទីរពេទ្យបានប្រកាសថា បុរសឈ្មោះ Omkar Lal Gadulia បានស្លាប់បាត់បង់ជីវិតទៅហើយ នៅពេលដែលគាត់ចូលមកមន្ទីរពេទ្យ គឺមកតែម្នាក់ឯងដោយមិនមានសាច់ញាតិនោះឡើយ នេះបើយើងតាមការបញ្ជាក់ពីខាងមន្ទីរពេទ្យ។ ក្រោយពីឮដំណឹងតាមវិទ្យុថាបុរសឈ្មោះ Omkar Lal Gadulia បានបាត់បង់ជីវិត ក្រុមគ្រួសាររបស់បុរសខាងលើបានមកដល់មន្ទីរពេទ្យដើម្បីពិនិត្យមើលថាតើពិតជាសាច់ញាតិរបស់ខ្លួនមែនឬក៏មិនមែន? នៅពេលដែលមកដល់មន្ទីរពេទ្យនិងបានពិនិត្យរួចរាល់ហើយ ក្រុមគ្រួសារខាងលើមានការយំសោកសង្រែងជាខ្លាំងដោយពួកគេអាចកំណត់អត្ដសញ្ញាណបុរសខាងលើបានដោយសម្គាល់នៅលើសន្លាកដ៏ធំមួយនៃដៃខាងស្ដាំរបស់បុរសដែលបានស្លាប់នោះ។
ភ្លាមៗនោះក្រុមគ្រួសារបានស្នើសុំខាងមន្ទីរពេទ្យយកសាកសពសាច់ញាតិរបស់ខ្លួនទៅបញ្ចុះ ។ នៅថ្ងៃទី ១៥ ខែឧសភាពិធីបុណ្យសពរបស់ Omkar Lal Gadulia ត្រូវបានគេប្រារព្ធធ្វើនិងបញ្ចុះក្នុងពេលដ៏ខ្លីមួយ។
ទោះយ៉ាងណារឿងដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើង ៨ ថ្ងៃក្រោយ បន្ទប់ពីក្រុមគ្រួសាររបស់ Rajasthan បានធ្វើការបញ្ចុះសព នៅពេលនោះដែរស្រាប់តែក្រុមគ្រួសាររបស់លោកឃើញលោកកំពុងតែត្រលប់មកផ្ទះវិញដោយមានសុខភាពល្អហាក់ដូចជាគ្មានអ្វីកើតឡើងនោះឡើយ។ បុរសនោះបានទទូចនិងបកស្រាយប្រាប់ក្រុមគ្រួសាររបស់គាតថាគាត់មិនស្លាប់នោះទេ គាត់នៅមានជីវិតនៅឡើយ។ បន្ទាប់ពីភ័យស្លន់ស្លោអស់មួយភាំង ក្រុមគ្រួសាររបស់លោកក៏បានខលទូរស័ព្ទយ៉ាងប្រញាប់ទៅប៉ូលីស។
ក្រោយពីការស៊ើបអង្កេតប៉ូលីសបានកំណត់ថាមានកំហុសពីខាងមន្ទីរពេទ្យចំពោះសាកសពនៃគ្រួសាររបស់លោក Omkar Lal Gadulia ក្នុងការកំណត់អត្តសញ្ញាណសាកសពមិនត្រឹមត្រូវពីខាងមន្ទីរពេទ្យ។ រីឯអ្នកស្លាប់ពិតប្រាកដមានឈ្មោះថា Goverdhan Prajapat គឺជាបុរសដែលគ្មានផ្ទះសម្បែងដើរអនាថាម្នាក់។ ប៉ូលីសបានបន្ថែមថានេះគឺជារឿងចៃដន្យដ៏កម្រមួយដែលមនុស្សម្នាក់នេះមានស្នាមប្រហាក់ប្រហែលនឹង Omkar Lal Gadulia ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ kenh14.vn