វៀតណាម៖ លោកស្រីង្វៀនអាញ់យិត កើតក្នុងឆ្នាំ ១៩៨៦ មានទីលំនៅឃុំឡាបទៀន ស្រុកសឺនដុងខេត្តត្វៀងក្វាង គឺជាអ្នកដែលបានជួយអ្នកស្រីឌិញធីណាម ក្នុងការតាមរកប្តីរបស់ខ្លួន បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ១១ ឆ្នាំ។យោងតាមគេហទំព័រ Tuoi Tre Online លោកឌិញ វ៉ាន់ភូ ជាជនជាតិភាគតិច Muong មានជំងឺផ្លូវចិត្ត និងបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសាររបស់គាត់កាលពី ១១ ឆ្នាំមុន។
ក្រុមគ្រួសាររបស់លោកបានស្វែងរកលោកជាច្រើនដងប៉ុន្តែនូវតែរកមិនឃើញ។ ពេលខ្លះអ្នកស្រី ឌីញ ធីណាម ក៏បានមើលឃ្លីបមួយចំនួនដែលគេផុសនៅតាមប្រព័ន្ធអ៊ីនធឺណេត ដោយពេលខ្លះគាត់មើលឃើញបុរសនៅក្នុងវីដេអូនោះថាជាប្ដីរបស់គាត់ គាត់ព្យាយាមទាក់ទងទៅម្ចាស់វីដេអូដើម្បីសួររកកន្លែងដែលបុរសនៅក្នុងវីដេអូរស់នៅ ដល់ពេលដែលអ្នកស្រីបានរកឃើញហើយ គាត់បែរជាខកចិត្ដយ៉ាងខ្លាំង ព្រោះមិនមែនជាប្ដីរបស់ខ្លួននោះឡើយ ដោយគ្រាន់តែមានរូបរាងស្រដៀងតែប៉ុណ្ណោះ ។
រហូតមកដល់ពាក់កណ្តាលខែមេសាឆ្នាំ ២០២១ លោកស្រីង្វៀនអាញ់យិតបានបង្ហោះឃ្លីបនៅលើ TikTok ដោយក្នុងឃ្លីបនោះមានជាប់លោកភូ។ ទើបនៅថ្ងៃទី ១០ ខែឧសភាលោកស្រីណាំដែលជាប្រពន្ធលោកភូ បានមើលឃើញឃ្លីបខាងលើដែលបានបង្ហោះនោះ ដោយសង្ស័យថាជាប្ដីរបស់ខ្លួនអ្នកស្រីក៏រកវិធីធ្វើការទំនាក់ទំនងម្ដងទៀតជាមួយអ្នកស្រី ង្វៀនអាញ់យិត ។
លោកស្រីណាមបានផ្ញើរសារជារូបភាពទៅគណនីរបស់អ្នកស្រីអាញ់យិត ដើម្បីផ្ទៀងផ្ទាត់ជាមួយបុរសដែលនៅក្នុងឃ្លីបនោះ ដោយបញ្ជាក់ថា បុរសដែលជាប្ដីរបស់គាត់នោះមានស្នាមសាក់របស់ព្រះពុទ្ធកំពុងធ្វើសមាធិនៅលើទ្រូងខាងឆ្វេងរបស់គាត់។
បន្ទាប់ពីអ្នកស្រីអាញ់យិត បានមើលរូបថត និងបានត្រួតពិនិត្យទៅលើបុរសដែលអ្នកស្រីបានថតវីដេអូឃ្លីបបង្ហោះនៅក្នុងបណ្ដាញសង្គម Tik Tok នោះបានរកឃើញថា ពិតជាដូចអ្វីដែលអ្នកស្រីណាម ផ្ងើមកឲ្យខ្លួន និងបានជូនដំណឹងដល់អ្នកស្រីណាមថាបុរសម្នាក់នោះពិតជាប្ដីរបស់អ្នកស្រីពិតប្រាកដមែន ដែលបានបាត់ខ្លួនកាលពី១១ឆ្នាមុន។ នាថ្ងៃទី ១១ ឧសភាក្រុមគ្រួសាររបស់អ្នកស្រីណាំបានធ្វើដំណើរពីភូថូទៅដល់យ្វៀនក្វាងដើម្បីស្វាគមសាច់ញាតិរបស់ពួកគេត្រលប់មកជួបជុំគ្នាវិញ។
អ្នកស្រីអាញ់យិតបាននិយាយថា "លោកភូបាននៅក្នុងភូមិរបស់អ្នកស្រីអស់រយៈពេលជាច្រើនឆ្នាំហើយដោយអ្នកជិតខាងតែងតែផ្តល់អាហារឱ្យគាត់ផងដែរ ពេលខ្លះគេឃើញគាត់ដេកនៅមុខទ្វារផ្ទះអ្នកដទៃក៏មាន។ បច្ចុប្បន្នលោកឌិញវ៉ាន់ភូត្រូវបានក្រុមគ្រួសារនាំទៅភូថូហើយស្ថានភាពសុខភាពរបស់គាត់គឺប្រក្រតីមិនមានឈឺអ្វីឡើយ គ្រាន់តែគាត់វង្វេងវង្វាន់តែប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ tuoitre.vn