ឥណ្ឌា៖ពិតជាគួរឲ្យអាសូរណាស់ចំពោះកូនក្រមុំម្នាក់បានដួលស្លាប់ដោយសារជំងឺគាំងបេះដូងនៅក្នុងពិធីមង្គលការរបស់ខ្លួននៅប្រទេសឥណ្ឌា។ ដោយក្រុមគ្រួសាររបស់នាងសម្រេចចិត្ដជ្រើសរើសយកកូនស្រីដែលត្រូវជាប្អូនស្រីរបស់នារីដែលបានដួលស្លាប់ ឲ្យមករៀបការជាមួយកូនកម្លោះវិញ ដោយក្រុមគ្រួសារមិនបានលុបចោលនូវមង្គលការមួយនោះឡើយ។
កូនក្រមុំមានឈ្មោះថា Surbhi បានគាំងបេះដូងនៅឯពិធីមួយនៅទីក្រុង Etawa ក្នុងរដ្ឋ Uttar Pradesh កំឡុងពេលធ្វើពិធីផ្លាស់ប្ដូរនូវកម្រងផ្កាជាប់ទៅនឹងត្រចៀកជាមួយបុរសដែលត្រូវជាប្តីឈ្មោះ Manjesh Kumar ដែលជាផ្នែកមួយនៃប្រពៃណីអាពាហ៍ពិពាហ៍របស់់សាសនាហិណ្ឌូ។ វេជ្ជបណ្ឌិតម្នាក់មកពីភូមិក្នុងតំបន់ត្រូវបានគេហៅឱ្យទៅកន្លែងកើតហេតុដើម្បីមកពិនិត្យមើលពីសភាពរបស់អ្នកជំងឺ ជាអកុសលនាងបានបាត់បង់ជីវិតរួចទៅហើយ ដោយមិនអាចជួយសង្គ្រោះបានទេ។
ក្រោយពីកូនក្រមុំបាត់បង់ជីវិត ពិធីមង្គលការនោះមិនត្រូវបានបញ្ឈប់នោះឡើយ ដោយគ្រួសារខាងស្រីសម្រេចចិត្ដយកកូនស្រីរបស់ខ្លួនឈ្មោះ Nisha ឲ្យមករៀបការជំនួសបងស្រីរបស់នាងវិញ ដោយសាកសពរបស់នារីដែលជាកូនក្រមុំបាត់បង់ជីវិតនោះត្រូវបានគ្រួសារទុកនៅបន្ទប់ដាច់ដោយឡែកមួយ ដោយពិធីបុណ្យសពនឹងត្រូវរៀបចំឡើងក្រោយពីធ្វើពិធីមង្គលការរួច។
ពូនិងបងប្រុសរបស់Surbhi បានប្រាប់សារព័ត៌មាន MailOnline
ថាហេតុការណ៍មួយនេះដែលបានកើតឡើងក្រុមគ្រួសារទាំងពីរពិតជាមានការសោកស្ដាយខ្លាំងណាស់ ដោយខ្លាចកូនកម្លោះត្រលប់ទៅវិញដោយក្ដីអាម៉ាស់ ក្រុមគ្រួសារយើងទាំងពីរក៏បានឯកភាពគ្នាដោយលើកប្អូនស្រីរបស់ Surbhi ឲ្យរៀបការជំនួសវិញ៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ DialyMail