ទុរេន គឺជាផ្លែឈើម៉្យាងដែលមានសំបកជាបន្លាស្រួចៗ ហើយសាច់ខាងក្នុងទន់ពណ៌លឿងផ្អែម មានក្លិនឈ្ងុយនៅពេលវាទុំ (ប៉ុន្តែសម្រាប់អ្នកខ្លះថាវាមានក្លិនស្អុយ)។ សម្រាប់ភាសាជាតិខ្មែរ ពាក្យថា ទុរេន គឺជាឈ្មោះឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែម សម្រាប់ប្រើជាបង្អែមមានតម្លៃ សំបកផ្លែមានបន្លារឹង នៅក្នុងកម្ពុជរដ្ឋគេដាំកើតក្នុងតំបន់ខ្លះដោយអន្លើ។ ឬសគល់នៃពាក្យទុរេន ត្រូវបានគេសន្មត់ថាក្លាយមកពីពាក្យម៉ាឡេ ដែលប្រែថាបន្លា។ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកខ្លះគេរក្សាហៅថាទុរេន រីឯអ្នកខ្លះហៅថាធូរេនដែលហៅតាមសំនៀងភាសាថៃ។
ប្រភេទដំណាំទុរេនគេសង្កេតឃើញមានដាំនៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយ ជាពិសេសមានដាំនៅលើទឹកដីខេត្តកំពត កំពង់ចាម និងខេត្តបាត់ដំបង។ ក៏ប៉ុន្តែក្នុងរយៈពេឡប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ក៏បានងាកមកដាំដុះដំណាំទុរេននេះយ៉ាងផុសផុលដោយទទួលបាននូវទិន្នផលយ៉ាងគាប់ប្រសើរ បន្ទាប់ពីទីផ្សារទុរេនកាន់តែមានតំរូវការកើនឡើងខ្ពស់។
ចំនែកឯប្រទេសថៃ យោងតាមគណនីរបស់សារព័ត៌មានថៃមួយបានចុះផ្សាយថា ផ្លែទុរេននៅក្នុងស្រុកឱមផាំង ប្រទេសថៃជិតនឹងព្រំដែនមីយ៉ាន់ម៉ា បានដាក់លក់នៅធុរេនពេញផ្លូវដែលអាចឲ្យអ្នកទិញបានក្នុងតម្លៃទាបបំផុត ដោយទុរេនក្នុងមួយកន្ដ្រកមាន៥ផ្លែតម្លៃត្រឹមតែ ២០០បាត ឬស្មើប្រហែល៦.៥០ដុល្លាតែប៉ុណ្ណោះ ក្នុងនោះគេឃើញមានអ្នកដំណើរចុះទិញយ៉ាងច្រើនស្កេកស្កេះ ដោយសារតែតម្លៃរបស់វាទាបជាងទីផ្សារ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Kaojorleuk