វិស័យអប់រំឯកជន១៣៨​គ្រឹះស្ថាន ស្នើសុំរាជរដ្ឋាភិបាលបើកសាលារៀនឡើងវិញ ដើម្បីបញ្ចៀសការក្ស័យធន
សីហា
-

ភ្នំពេញ៖ ​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​សិក្សា​ឯកជន១៣៨​គ្រឹះស្ថានសិក្សា បាន​​ឯកភាព​ស្នើសុំ​ជួបពិភាក្សា​ជាមួយ​ភាគី​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​វិធីសាស្ដ្រ​ឈានទៅ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ខណៈ​បច្ចុប្បន្ននេះ​គ្រឹះស្ថានសិក្សា​ភាគច្រើន​កំពុង​ប្រឈម​នឹង​ការក្ស័យធន​ និង​ឈានទៅ​ការបិទទ្វារ​ នៅ​រសៀល​ថ្ងៃទី ១៥ ខែមិថុនា ម្សិលមិញនេះ ​។

កិច្ចប្រជុំ​តាម​អនឡាញ​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា និង​ជា​​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​លើកឡើង​ថា ជំងឺ​កូវីដ​ ១៩ ​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០២០ បានធ្វើឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រង​ផលប៉ះពាល់​ពេញ​ ១ ​ឆ្នាំ​រួចទៅហើយ​។ ​រីឯ​ឆ្នាំ​ ២០២១ ​នេះ​ព្រឹត្ដិការណ៍​ ២០ ​កុម្ភៈ ​ក៏​កំពុង​បន្ត​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​​ដែល​នៅ​មិនអាច​កំណត់​ការបិទ​បញ្ចប់​បាន​។

ជុំវិញ​ការស្នើ​របស់​គ្រឹះស្ថានសិក្សា​វិស័យ​ឯកជន​នាពេលនេះ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​លើកឡើងថា ​ក្រសួង​អប់រំ យុវជន និង​កីឡា ​មាន​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដោយ​បន្ត​តាមដាន​និង​វាយតម្លៃ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ ចំពោះមុខ​នេះ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​បុគ្គលិក​អប់រំ ​មាតាបិតា ​សិស្ស​-​និស្សិត ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ​។

យ៉ាងណាមិញ គ្រឹះស្ថានសិក្សាឯកជនទាំងនោះ ក៏បានលើកឡើងទៀតថា ប្រសិនបើមានករណីឆ្លងណាមួយកើតឡើង សូមត្រឹមតែបិទផ្អាកត្រឹមថ្នាក់រៀននោះបានហើយ ព្រោះថាការបិទសាលាទាំងមូល គឺនាំឲ្យខាតបង់សេដ្ឋកិច្ចច្រើនណាស់៕