នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់ នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ នេះបើយោងតាមការចាក់ផ្សាយដោយ ទូរទស្សន៍ជាតិកម្ពុជា ទទក។
«សូមក្រាបថ្វាយបង្គំព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាគោរពសការៈ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ បន្ទាប់ពីការដឹកនាំប្រជុំពីសំណាក់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយនិងមន្ត្រីពាក់ព័ន្ធនានា ដែលបានបង្ហាញលទ្ធផល ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូន សម្រាប់ការអនុវត្តន៍នៅបន្ទាប់ពីការទទួលសារនេះរួចហើយ ។

ទី១ លើកលែងកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកប្រជាជនទាំងអស់ធ្វើការសម្រេចចិត្ត ដោយខ្លួនឯង ពាក់ម៉ាស ឬ មិនពាក់ម៉ាស» ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា«ដូច្នេះមានន័យថា ចាប់ពីម៉ោងដែលបងប្អូនបានទទួលនូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬ ក៏ឈប់ពាក់ម៉ាស នៅកន្លែងដែលចំហរក្រៅពីកន្លែងដែលមានការបិទជិត អត្ថន័យនៃកន្លែងដែលមានការបិទជិត ដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់ប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬ ក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិត ប្រើដោយម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់ក្រៅបន្ទប់បិទជិត នៅក្នុងអគារ ដែលមានលក្ខណៈចំហរ គឺប្រជាពលរដ្ឋ អាចដោះម៉ាសចេញបាន ។ ហើយកន្លែងសាធារណៈ តាមសួនច្បារ នៅតាមកន្លែងផ្សេង ដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស ឬ មិនពាក់ម៉ាស៕

