លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងជំនួបជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២និងទិសទី៣នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅថ្ងៃទី២៦មិថុនានេះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់នៅមុខមេបញ្ជាការថា សូមកងទ័ពទាំងឡាយកុំខ្លាចនៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង ខណៈកងកម្លាំងនិងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ជាប្រចាំដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានពីកងទ័ពថៃ។

អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយនូវភារកិច្ចជា«អគ្គភុស្ដភាជាន់ខ្ពស់» សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។ មានន័យថាសម្ដេចនឹងផ្តល់ការជួយដល់កងទ័ព ជាពិសេសគឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងកម្ពុជាដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។

គួរឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានអញ្ជើញដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជាដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។ ការចុះទៅដល់ទីតាំងយោធាផ្ទាល់របស់សម្តេចតេជោ បានបង្ហាញយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយោធា។

គួរបញ្ជាក់ថា កងទ័ពនិងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជាត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យនិងព្រះវិហារ។ ការចល័តនេះធ្វើឡើងបន្ទាប់ពីទាហានថៃបានលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះទាំងទាហាននិងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ជាប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ។

កន្លងមកសម្តេចតេជោធ្លាប់បានលើកឡើងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ចំណែកនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហររបស់កម្ពុជាថាកាលពីពេលថ្មីៗនេះថា កម្ពុជាមិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានអធិបតេយ្យរបស់កម្ពុជាឡើយ។ សម្តេចបន្ថែមថា ដរាបណាមានការប៉ុនប៉ងឈ្លានពាន ជាពិសេសដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា កងទ័ពយើងនឹងប្តូរផ្តាច់ការពារជាដាច់ខាត៕