មិនធម្មតា.!! ឈ្មួញឈើឈ្មោះ ទូ និងឈ្មោះ ហូវ ជីវ៉ៃ កំពុងតែមានប្រជាប្រិយភាពនិងឈានមុខ នៅខេត្តរតនៈគិរីខាងដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅលក់ប្រទេសវៀតណាម
សីហា
-

ខេត្តរតនៈគិរី៖ ប្រភពបានរាយការណ៍មកថាឈ្មោះ ទូ និងឈ្មោះ ហូវ ជីវ៉ៃ កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់នៅ ឃុំជ័យឧត្ដម ស្រុកលំផាត់ ចំណុចអូរល្ពាក់ គីឡូ លេខ២៤៣ កែវសីមា តាអង៥៣ ដឹកចូលទឹកដីប្រទេសវៀតណាម ដោយរលូនតាមច្រកទ្វាអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនទាក់ក្រសែភ្នែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយឡើយដោយប្រើប្រាស់រថយន្ដមានស្លាកលេខ 4455,5590,8747,4131,3606,6705,0726,2069។

ប្រភពបានឲ្យដឹងថា របរដឹកជញ្ជូនឈើ របស់ឈ្មោះ ទូ និងឈ្មោះ ហូវ ជីវ៉ៃ នេះយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនៈគិរីយើងនេះ ដូចជាហូរហែមកហើយ។

ប្រភពបានបន្ដថាឈ្មោះ ទូ និងឈ្មោះ ហូវ ជីវ៉ៃ បានសែនព្រេនជួនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។

ប្រភពបង្ហើបថា ការដឹកជញ្ជូនឈើរបស់ឈ្មោះ ទូ និងឈ្មោះ ហូវ ជីវ៉ៃ នេះប្រើប្រាស់រូបភាពរថយន្តវេអង ជាច្រើន គ្រឿងឯណ្ណោះ ដោយមានឃ្លុំនិងគ្របតង់បិតជិត ងាយស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហាជនតែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់អ្នករកស៊ីដឹកឈើនៅខេត្តរតនគិរីនេះដោយរថយន្តទាំងអស់នេះចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវឆ្លងដែនលក់ទៅឱ្យប្រទេសវៀតណាម។

មន្ដ្រីប្រចាំការបានលួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថា រថយន្ដវេអងជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀតឯមន្ត្រីពាក់ព័ន្ធទាំងអស់វិញមិនហ៊ានត្រួតពិនិត្យនិងឆែកឆេរនៅឡើយ។

ម្យ៉ាងវិញទៀត សមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះទូ និងឈ្មោះ ហូវ ជីវ៉ៃ នោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានឡើយ។

អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺឬពន្យល់ពីសមុីភាគីឬអាជ្ញាធរពាក់ព័ន្ធដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕ដោយ ៖ ជីម ភារ៉ា