ជិតបីឆ្នាំ បន្ទាប់ពីរដ្ឋបាលអតីតប្រធានាធីបតីសហរដ្ឋអាមេរិក លោក Trump បានធ្វើការគំរាមហាមឃាត់នូវកម្មវិធីវីដេអូកម្សាន្ដដ៏ល្បីរបស់ចិន TikTok ដោយបានឱ្យម្ចាស់កម្មវិធីមួយនេះធ្វើការលក់នូវកម្មវិធីវិដេអូកម្សាន្ដមួយនេះ ទៅឱ្យវិនិយោគិនអាមេរិក ប្រសិនបើមិនដូច្នោះទេ ខ្លួននឹងធ្វើការចាត់ការតាមវិធានការររបស់ខ្លួនជាក់ជាមិនខាន ។ ដោយនៅក្នុងនោះទីភ្នាក់ងារសហរដ្ឋអាមេរិកបានធ្វើការបង្ហាញថា TikTok គឺជាប្រភពកម្មវិធីនៃទិន្នន័យដ៏ធំដែលប្រមូលបានពីមនុស្ស 150 លាននាក់នៅសហរដ្ឋអាមេរិកដែលប្រើកម្មវិធីមួយនេះជារៀងរាល់ខែ។
កាលពីថ្ងៃព្រហស្បតិ៍ នាយកប្រតិបត្តិ TikTok លោក Shou Chew បានបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាអាមេរិក ដែលភាគច្រើនសមាជិកទាំងនោះចង់ឱ្យកម្មវិធីនេះត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែហានិភ័យដែលពួកគេនិយាយថាវាប៉ះពាល់ដល់សន្តិសុខជាតិ ដោយសមាជិកសភាអាមេរិកធ្វើការសួរដេញដោលឡើងជាភ្លើងកំដៅជាមួយនឹងនាយកប្រតិបត្តិ TikTokរូបនោះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ។
ដោយបញ្ហាមួយនេះមិនមែនជារឿងងាយស្រួលនៅក្នុងការ ដោះស្រាយឬធ្វើការលក់ដោយងាយៗនោះឡើយ យោងទៅតាមអ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់ បញ្ហាបច្ចេកវិទ្យានៃកម្មវិធី TikTok ដែលមានភាពរសើបដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ដែលមានក្រុមហ៊ុនមេឈ្មោះថា ByteDance ត្រូវបានរដ្ឋាភិបាលចិនបានធ្វើការចាត់វិធានការតាំងពីឆ្នាំ២០២០ ដោយរាល់ការដំណើរការនានាត្រូវឆ្លងកាត់រដ្ឋាភិបាលចិនជាចាំបាច់។.
នៅក្នុងនោះដែរក្រោយនាយកប្រតិបត្ដិTIK TOK បានចូលធ្វើការបង្ហាញខ្លួននៅឯសភាអាមេរិក ប្រទេសចិនបានឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋបាលលោក Biden ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ខ្លួននឹង “ប្រឆាំងដាច់ខាត” ចំពោះការបង្ខំឱ្យលក់ TikTok ដោយការលក់ ឬការចែកចាយ TikTok នឹងពាក់ព័ន្ធនឹងការនាំចេញបច្ចេកវិទ្យា ដូច្នេះវានឹងត្រូវការទទួលបានអាជ្ញាប័ណ្ណ និងការយល់ព្រមពីរដ្ឋាភិបាលចិន នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ដោយនៅក្នុងនោះរដ្ឋាភិបាលចិនបាននិយាយថា រដ្ឋាភិបាលចិនចាត់ទុកបច្ចេកវិទ្យាទំនើបមួយចំនួន ថាមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់ខ្លួន។ កាលពីខែធ្នូ មន្ត្រីចិន បានស្នើឱ្យរឹតបន្តឹងច្បាប់ ដែលគ្រប់គ្រងការលក់បច្ចេកវិទ្យានោះទៅឱ្យអ្នកទិញបរទេស។
កាលពីពេលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចេញផ្សាយការអត្ថាធិប្បាយ ដោយសាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច ដែលបាននិយាយថាច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពមានន័យថាក្រុមហ៊ុនមេ ByteDance នឹងត្រូវការអាជ្ញាប័ណ្ណពីទីក្រុងប៉េកាំងដើម្បីលក់បច្ចេកវិទ្យារបស់ខ្លួន។
លោក Cui Fan បានប្រាប់សារព័ត៌មាន Xinhua ថា "បច្ចេកវិទ្យាទំនើបមួយចំនួនអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសុខុមាលភាពសាធារណៈ ហើយចាំបាច់ត្រូវបញ្ចូលទៅក្នុងការគ្រប់គ្រង [ការគ្រប់គ្រងការនាំចេញ]" ។
ការលក់ TikTok ក្នុងឆ្នាំ 2020 ក្នុងរដ្ឋបាលលោក ដូណាល់ត្រា ទៅឱ្យក្រុមហ៊ុន Oracle និង Walmart បានជួបបញ្ហា បន្ទាប់ពីទីក្រុងប៉េកាំងកែតម្រូវនូវច្បាប់នៃការចែកចាយបច្ចេកវិទ្យារបស់ខ្លួនទៅឱ្យបរទេស ។ ដោយនៅក្នុងរដ្ឋបាល Biden បានធ្វើការលុបចោលនៃការលក់កម្មវិធីTIK TOKក្នុងរដ្ឋបាលលោក Trump ចោល ដោយជំនួសមកធ្វើការស៊ើបអង្កេតទៅលើបច្ចេកវិទ្យាមួយនេះវិញរបស់ចិន។
នៅក្នុងនោះលោក អ្នកវិភាគជាច្រើនបានធ្វើការបរិយាយថា ទីក្រុងប៉េកាំងអាចនឹងពេញចិត្តនៅក្នុងការដកចេញកម្មវិធ TikTok ចេញពីទីផ្សារសហរដ្ឋអាមេរិកជាជាង ឱ្យកម្មវិធីបច្ចេកវិទ្យារបស់ខ្លួនធ្លាក់ទៅក្នុងដៃជនបរទេស។
សូមទស្សនាវីដេអូ ដែលសភាអាមេរិកធ្វើការសួរដេញដោលនាយកប្រតិបត្ដិTIK TOK
ប្រភព៖ CNN
សម្រួលអត្ថបទ៖ SP