ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស បំពាក់ដោយស៊ីម៉ាំងលាន់លឺខ្លាំងរំខានដល់អ្នកបើកបរនៅលើផ្លូវសាធារណៈ ហើយត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្ត ឃាត់ម៉ូតូចំនួន៣គ្រឿង និងនាំខ្លួនអ្នកបើកបរចំនួន៣នាក់ផងដែរ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការគោរពច្បាប់ចរាចរណ៍ លោកក៏បានចាត់តាំងកម្លាំងនគរបាលជំនាញចុះត្រួតពិនិត្យជាប្រចាំលើផ្លូវសាធារណៈ ទាក់ទងនឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យការកែច្នៃលើយានយន្ត ព្រមទាំងយានជំនិះគ្រប់ប្រភេទដែលច្នៃខុសលក្ខណៈបច្ចេកទេសយានច្រើនគ្រឿង បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ និងបើកបរម៉ូតូគ្មានមួកសុវត្ថិភាពជាដើម។
លោកស្នងការរងបន្តថា លុះនៅល្ងាចថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ កម្លាំងនគរបាលចរាចរណ៍ ក៏បានចាប់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន៣គ្រឿង (ម៉ូតូគ្មានកញ្ចក់មើលក្រោយ) ព្រមទាំងឃាត់ខ្លួនអ្នកបើកបរចំនួន៣នាក់ (គ្មានពាក់មួកសុវត្ថិភាព) នៅលើផ្លូវវាងក្រុង ស្ថិតក្នុងភូមិសាស្ត្រឃុំបត់ត្រង់ ស្រុកមង្គលបូរី និងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីនាំខ្លួនអ្នកបើកបរយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះអញ្ជើញអាណាព្យាបាល ឪពុកម្តាយមកធានាយកទៅអប់រំបន្តផងដែរ៕
គួររលឹកផងដែរថា កន្លងមកមានករណីក្មេងទំនើងបែបនេះបានយកម៉ូតូរបស់ខ្លួន កែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទាំងមានលាន់សំលេងខ្លាំងៗ ធ្វើអោយមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាខ្លាំង។ ចំនែកឯមន្រ្តីនរគបាលក៏បានយកចិត្តទុកដាក់ចុះបង្រ្កាបនូវរាល់ករណីដែលបានកើតឡើងផងដែរ។