នៅព្រឹកថ្ងៃនេះគណៈរដ្ឋមន្រ្តីថ្មី បើកកិច្ចប្រជុំពេញអង្គលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
Sokli
-

(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។

កិច្ចប្រជុំនេះ ក៏មានការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់នាយករដ្ឋមន្រ្តី (Dr. Hun Manet, Prime Minister of Cambodia)

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសមាសសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សានាថ្ងៃនេះរួមមាន៖

១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។

៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

៥៖ បញ្ហាផ្សេងៗ