រាជរដ្ឋាភិបាលថ្មី បានសម្រេចកែសម្រួល «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ជំនួសវិញ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាល បានបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅឆ្នាំ១៩៩៩មកម្ល៉េះ។ គោលបំណងនៃការបង្កើតក្រសួងនេះ គឺចូលរួមលើកកម្ពស់ និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។
បើយោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទីភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ឱ្យស្ថាប័ននានា ការប្តូរឈ្មោះក្រសួងជា «ក្រសួងអធិការកិច្ច» នាពេលនេះ ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ទន្ទឹមនឹងនេះ ការប្តូរឈ្មោះជា «ក្រសួងអធិការកិច្ច» ក៏ស្របតាមស្មារតីនៃកិច្ចប្រជុំនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ និងជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ។
សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន ១០មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕