ចិន ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានលើកឡើងថា អគារលំនៅដ្ឋានសាងសង់មិនទាន់រួចរាល់របស់ក្រុមហ៊ុន Country Garden នៅជាយក្រុងធានជីន (Tianjin) ភាគខាងជើងប្រទេសចិន ដោយសារការសាងសង់ដំណើរការយឺតយ៉ាវរហូតប្រែទៅជាសភាពចាស់ទ្រុឌទ្រោម ខណៈដែលកម្មករជាច្រើនមិនទាន់ទទួលប្រាក់ខែ ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។
កម្មករម្នាក់ ដែលមានឈ្មោះថា Wang អាយុ៥០ឆ្នាំ និយាយថា «កម្មករជាច្រើនមិនទាន់ទទួលបានប្រាក់ ចាប់តាំងពីថ្ងៃចូលឆ្នាំចិន កាលពីខែមករាមកម្ល៉េះ។ យើងទាំងអស់គ្នា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង»។
បណ្តាអគារដ៏ធំទូលាយ គឺជាគម្រោងមួយក្នុងចំណោមគម្រោងចំនួន២ ដែលសារព័ត៌មានរ៉យទ័រ(Reuters)បានចុះទៅដោយផ្ទាល់ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯទីក្រុងធានជីន ដែលជាទីក្រុងកំពង់ផែមានប្រជាជន ១៤លាននាក់រស់នៅ មានចម្ងាយប្រហែល១៣៥គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងប៉េកាំង។
គម្រោងដ៏ធំទាំង ២ ត្រូវបានគ្រប់គ្រងដោយ Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន តាមរយៈបរិមាណនៃការលក់កន្លងមក មុនវិបត្តិឆ្នាំនេះ ដែលឥឡូវនេះ បានជាប់គាំងក្នុងវិបត្តិបំណុល ធ្វើអោយមានការគំរាមកំហែងដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការសាងសង់ត្រូវបានផ្អាកមួយផ្នែក ឬទាំងស្រុងនៅទីតាំងទាំង ២ អាគារធំមួយមានប្លុកផ្ទះល្វែង៥ជាន់ ដែលមិនទាន់បញ្ចប់ការសាងសង់ ប្រែក្លាយជាសភាពចាស់ទ្រុឌទ្រោម ខណៈដែលកម្មករនៅកន្លែងស្នាក់នៅលើទីតាំង កំពុងតវ៉ាមិនទទួលបានប្រាក់ខែ។
កម្មករម្នាក់ទៀត បាននិយាយថា «ខ្ញុំកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ដោយខ្ញុំបានទទួលប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិតត្រឹមតែ៤,៥០០យន់ ស្មើនឹង ៦១៨ដុល្លារអាមេរិក រហូតមកដល់ពេលនេះ នៅក្នុងឆ្នាំនេះ។ ខ្ញុំមានប្រពន្ធ និងកូន ដែលហៀបនឹងចូលរៀន ក៏ដូចជាឪពុកម្តាយចាស់ជរា កម្មករមិនអាចស៊ូទ្រាំជាមួយរឿងនេះបានទេ»។
ឥឡូវនេះ Country Garden កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន បានបន្ថែមលើវិបត្តិបំណុល នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលមានចំនួនប្រហែលមួយភាគបួន នៃប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោកមួយនេះ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំង នៃវិស័យលំនៅដ្ឋាន និងការធ្លាក់ចុះលើការចំណាយរបស់អ្នកប្រើប្រាស់។
ចំណែកឯភាគី អ្នកតំណាងគម្រោង Yunhe Shangyuan របស់ Country Garden បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «បុគ្គលិកដែលបានចុះឈ្មោះរបស់ខ្លួន ត្រូវបានទទួលប្រាក់ឈ្នួលទាំងអស់»។
អ្នកតំណាងបន្ថែមទៀតថា កាលពីខែមិថុនាកន្លងទៅ នៅឯការដ្ឋាន Yunjing Huating រដ្ឋាភិបាលបានបញ្ជាឱ្យផ្អាកការសាងសង់ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រង។ ចាប់តាំងពីពេលនោះមក វាត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ ហើយការងារត្រូវបានរំពឹងថា នឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍ក្រោយ ដោយបន្ថែមថា ការផ្អាកនេះនឹងមិនប៉ះពាល់ដល់កាលបរិច្ឆេទ នៃការបញ្ចប់គម្រោង ដែលបានកំណត់នៅខែតុលា ឆ្នាំ២០២៤ នោះទេ។ កម្មករមួយចំនួនមិនត្រូវបានជួលដោយផ្ទាល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍នោះទេ ប៉ុន្តែដោយតាមរយៈអ្នកម៉ៅការរបស់ខ្លួន ដែលបានសន្យាថា នឹងបើកប្រាក់ឈ្នួលឱ្យកម្មករនៅចុងខែនេះ។