ភ្នំពេញ៖ ថៅកែរោងចក្រថា រត់ថ្លៃដំឡើងប្រាក់ឈ្នួលកម្មករ ឆ្នាំ 2024 មិនរួចទេ បើការបញ្ជាទិញ នៅបន្តធ្លាក់ចុះនោះ ការប្រជុំប្រាក់ឈ្នួលនាថ្ងៃនេះ ភាគីនិយោជកបានថ្លៃងពីការបារម្ភថា ខ្លាចរត់មិនរួច ក្រោយភាគីសហជីបបានស្នើឲ្យមានការតម្លើងប្រាក់ឈ្នួលបន្ថែមដល់កម្មករនិយោជិក ដើម្បីឲ្យពួកគេ រស់នៅបានសមរម្យនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លើកទី 2 របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី 3 នៅព្រឹក ថ្ងៃទី 28 សីហា នេះ រដ្ឋមន្ត្រី ក្រសួងការងារ ឯកឧត្តម ហេង សួរ បានឲ្យដឹងថា៖ កិច្ចប្រជុំថ្ងៃ នេះចាយពេលជាង 3ម៉ោង ផ្តោតសំខាន់ ទៅលើស្ថានភាព វិស័យកាត់ដេរ និងតម្រូវការរបស់អតិថិជន នៅតាមបណ្ដាប្រទេសនានា ដោយមិនទាន់បានដាក់ចេញជាតួលេខប្រាក់ឈ្នួលនៅឡើយទេ ភាគី និយោជក និង ភាគីសហជីពមានការយោគយល់គ្នាច្រើន ដោយនិយោជកទទួលស្គាល់ពីការ ធ្លាក់ចុះប្រាក់ចំណូលចុងក្រោយ របស់កម្មករនិយោជិកមានតិចជាងមុន ដែលតម្រូវឱ្យមាន ការបន្ថែមម៉ោង។
ចំណែកឯ ភាគីសហជីពវិញទទួលស្គាល់ថា តម្រូវការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្លាក់ចុះជាសកល ប៉ុន្តែតម្រូវការចាំបាច់របស់កម្មករក៏មានការកើនឡើងដែរ សុំឲ្យភាគីនិយោជកគិតគូរលើកំណើនការចំណាយការរស់នៅរបស់កម្មករផង។
តែទោះជាយ៉ាងណាភាគីថៅកែ លើកឡើងថា បើស្ថិតក្នុងស្ថានភាពការបញ្ជាទិញ នៅតែធ្លាក់ចុះបែបនេះ ហើយតម្រូវឲ្យដំឡើងប្រាក់ឈ្នួលទៀតនោះ ខ្លាចរត់មិនរួច។
រដ្ឋមន្ត្រី ក្រសួង ការងារ លើកឡើងថា កិច្ចប្រជុំប្រាក់ឈ្នួលនេះ មិនរំពឹងថានឹងចប់មុនកាលកំណត់នោះទេ ដោយសារ ភាគីទាំងអស់ នៅមិនទាន់បញ្ចេញគោលជំហរ តួលេខជាក់ស្ដែង នៅឡើយ តែក្រសួងនៅតែ សម្របសម្រួលបន្តទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ ឬ ធ្វើការបោះឆ្នោតសម្រេចតែម្ដង នៅដំណាក់កាលចុងក្រោយ បើចរចាមិនត្រូវគ្នានោះ។