សមត្ថកិច្ចថៃចាប់ឃាត់ខ្លួនស្ត្រីខ្មែរ ៣ នាក់ រឿងធ្វើត្រីងៀតលក់
Sokli
-

ស្រ្តីខ្មែរចំនួន ៣ នាក់ ដែលបម្រើការងារជាមួយស្វាមីនៅក្នុងប្រទេសថៃ ត្រូវបានតម្រួតថៃចាប់ខ្លួន ដោយពិន័យជាប្រាក់ក្នុងម្នាក់១មុឺនបាត ពីបទធ្វើត្រីងៀតលក់ ដោយគ្មានច្បាប់អនុញ្ញាត។

នៅក្នុងចំណោមស្ត្រីទាំង៣នាក់ ដែលកំពុងជាប់ក្នុងកន្លែងឃុំឃាំងបណ្តោះអាសន្នក្នុងខេត្ត ភិតបុរី គឺនាង វ៉ាន់សុី ឆៃដា អាយុ២៥ឆ្នាំ បានបង្ហោះហ្វេសប៊ុកដោយបានលើកឡើងថា កាលពីថ្ងៃទី ២៥ សីហា កន្លងទៅថ្មីៗនេះ រូបនាងជាមួយ និងស្វាមីបានចូលមកធ្វើការនៅក្នុងរោងចក្រមួយកន្លែង។

នាងបានបន្តលើកឡើងថា ក្រៅម៉ោងធ្វើការប្តីរបស់នាងបានចេញទៅរកត្រីដោយសារនៅក្បែកន្លែងដែលនាងស្នាក់នៅ មានបឹងមួយកន្លែងសំបូរត្រី។ ដំបូងនាងគិតថារកដើម្បីទុកហូប ប៉ុន្តែដោយសារត្រីច្រើនពេក នាងក៏បែកគំនិតធ្វើជាត្រីប្រលាក់ និងវះងៀតហាលឱ្យស្ងួតទើបនាំយកទៅលក់ក្នុងផ្សារក្បែផ្ទះដើម្បីបានលុយខ្លះទុកចិញ្ចឹមក្រពះ។

នៅពេលនោះដែរក៏ស្រាប់តែមានតម្រួតចុះមកចាប់នាងរួមទាំងស្ត្រី២នាក់ទៀត ដែលលក់ត្រីងៀតដូចគ្នា ដោយចោទប្រកាន់ថា ធ្វើត្រីប្រលាក់ និងត្រីងៀតលក់ដោយគ្មានច្បាប់អនុញ្ញាត ព្រោះអាចខ្វះអនាម័យផង និងប៉ះពាល់ដល់មុខរបរពលរដ្ឋថៃផង ដោយច្បាប់នៅក្នុងប្រទេសថៃមិនអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ប្រកបមុខរបរឯកជនណាមួយ ជាន់គ្នាជាមួយមុខរបរជនជាតិថៃឡើយ ដោយតម្រួតបាននាំខ្លួនស្ត្រីទាំង៣នាក់ យកទៅឃុំខ្លួនជាបណ្តោះអាសន្ន និងដាក់ពិន័យក្នុងម្នាក់ៗចំនួន១មុឺនបាត។

បន្ទាប់មកស្ត្រីខ្មែរទាំង៣នាក់ បានព្រមប្រគល់ប្រាក់ចំនួន៣មុឺនបាតទៅឱ្យតម្រួតហើយ ដើម្បីបានរួចផុតពីទោសទណ្ឌ ប៉ុន្តែផ្ទុយទៅវិញ តម្រួតមិនបានដោះលែងតាមពាក្យដែលបានសន្យានោះទេដោយគេបានបញ្ជូនឯកសារទៅតុលាការថែមទៀតផង និងបានសម្រេចបញ្ជូនខ្លួនស្ត្រីទាំងនេះមកកម្ពុជាវិញក្នុងអំឡុងសប្តាហ៍ក្រោយ ទើបស្ត្រីទាំង៣នាក់សម្រេចបង្ហោះហ្វេសប៊ុកសុំឱ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃជួយអន្តរាគមន៍។

ទីបំផុតការឃុំខ្លួនបានតែ១២ម៉ោងប៉ុណ្ណោះក៏ត្រូវបានដោះលែងដោយសារមានការអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងបានធ្វើការងារនៅទីនោះជាបន្តទៀត៕