គម្រោងសាងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា នឹងត្រូវរៀបចំពិធីតភ្ជាប់ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពាននេះសម្រេចបានប្រមាណ ៩២ ភាគរយ ហើយបើតាមផែនការ ប្រជាពលរដ្ឋ នឹងអាចធ្វេីដំណេីរបាន នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
នេះបើតាមប្រភពពីបណ្តាញសង្គមហ្វេសបុករបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ សីហានេះ។ លោកកើត ឆែ បានបង្ហោះខ្លឹមសារថា៖ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរាភ្ជាប់ពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរា បានសម្រេចប្រមាណ៩២%ហេីយ។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ លោកអភិបាលរាជធានីភ្នំពេញ នឹងអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។ តាមផែនការស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
សូមបញ្ជាក់ថា៖ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។
គួររលឹកថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិកសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្ន បង្កឲ្យមានការ កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តីក៏នៅតែកកស្ទះដដែល៕