មន្ទីរពេទ្យតេជោសែនកោះធំ បានបំពាក់សម្ភារបរិក្ខារពេទ្យរួចរាល់ ត្រៀមបើកឱ្យបម្រើការជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះហើយ
Sokli
-

(កណ្តាល)៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ។

បច្ចុប្បន្នភាពចុងក្រោយ នៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានលើកយកមកបង្ហាញ និងជជែកពិភាក្សាក្នុងអង្គប្រជុំ ដោយក្នុងនោះគិតចាប់ពីការងារតម្លើងសម្ភារបរិក្ខារ ឧបករណ៍បច្ចេកទេស ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធដឹកនាំ សំដៅធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះបម្រើបានកាន់តែប្រសើរនូវសេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ និងអាចក្លាយទៅជាមន្ទីរពេទ្យគំរូល្អមួយផងដែរ។

សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពីលោកសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម និងពិសេសម្រាប់អ្នកស្រុកកោះធំ ដោយការសាងសង់នេះចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារ។

មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល៕