មេប៉ុស្តិ៍ម្នាក់ ដែលជាអតីតមេចោរប្លន់កាលពី៨ឆ្នាំមុន ត្រូវដកទៅធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំវិញ
Sokli
-

ភ្នំពេញ ៖ បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាឱ្យស្រាវជ្រាវករណីតែងតាំងអតីត មេចោរប្លន់ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ ទីបំផុត ស្នងការនគរបាលខេត្តកំពង់ធំបានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមេប៉ុស្តិ៍រូបនេះ និងតម្រូវឱ្យមកបំពេញការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ នេះបើតាមលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្តកំពង់ធំនៅល្ងាចថ្ងៃទី១០ កញ្ញា ២០២៣ ។

នៅក្នុងលិខិតបង្គាប់ការនេះបានសម្រេច ផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ មូលហេតុដោយសារតែ នាយប៉ុស្តិ៍រូបនេះ ជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់តុលាការ ។

ក្នុងលិខិតនេះ បានបញ្ជាក់ថា លោកអនុសេនីយ៍ឯកហុង សារ៉ុម ត្រូវមកបម្រើការនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ( ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី ។