ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលបានចាញ់បោកក្រុមហ៊ុនមួយអស់ទឹកប្រាក់ជាង៤២ម៉ឺនដុល្លារអាមេរិក គិតចង់សម្លាប់ខ្លួនម្ដងៗ ដោយសារតែបាក់ទឹកចិត្តខ្លាំងពេក មិនគួរណាចាញ់បោកគេ យកប្លង់ផ្ទះប្លង់ដីជាង១០ប្លង់ទៅបញ្ចាំ នៅធនាគារ យកលុយមកទិញអីវ៉ាន់ពីក្រុមហ៊ុននោះ តែទីបំផុតគឺបោក ។
លោកស្រី ស៊ិន សុធាវ៉ាន់ ជាអ្នករកស៊ីបោះដុំទំនិញមួយរូបនៅក្នុងរាជធានីភ្នំពេញ បានរៀបរាប់ថា អ្នកស្រីបានចាញ់ក្រុមហ៊ុន Riich Me ដែលមានលោក Kerry Leng ( ឡេង វណ្ណា ) ជាម្ចាស់ អស់ទឹកប្រាក់ចំនួន៤២ម៉ឺនដុល្លារអាមេរិក តាមរយៈការបញ្ជាទិញទំនិញពីក្រុមហ៊ុនដើម្បីយកមកលក់ដូរបន្ត ។
អ្នកស្រីបន្តលើកឡើងថា អ្នកស្រីបានបញ្ជាទិញអីវ៉ាន់ពីលោកឡេង ឃើរីតាមរយៈអេបមួយឈ្មោះថា Riich Me ដូចជាភេសជ្ជៈគ្រប់មុខ ស្រាបៀរ ដោយសារតែការបញ្ជាទិញទំនិញទាំងនេះគឺមានការបញ្ចុះតម្លៃច្រើន រហូតដល់៣០ភាគរយ ដែលធ្វើឱ្យពួកគាត់ជាអាជីវករលក់ដូរបោះដុំ អាចចំណេញបានច្រើន ប៉ុន្តែនៅពេលពួកគាត់ធ្វើការបញ្ជាទិញ គឺខាងក្រុមហ៊ុនតម្រូវឱ្យពួកគាត់បង់លុយមុន ទើបទម្លាក់អីវ៉ាន់តាមក្រោយ ។ដោយសារតែស្គាល់បុគ្គលឈ្មោះឡេង វណ្ណា និងអ្នកធ្លាប់បញ្ជាទិញមុនៗបានជោគជ័យ អ្នកស្រីក៏បានបញ្ជាទិញ ទំនិញតាមអេបនេះដែរ ។
អ្នកស្រីបន្ថែមថា អ្នកស្រីបានទិញទំនិញពីលោកឡេង វណ្ណានេះអស់ទឹកប្រាក់ចំនួន៤២ម៉ឺន៣ពាន់៧៥ដុល្លារអាមេរិក ហើយមិនមែនតែអ្នកស្រីទេដែលបានចាញ់បោកបុគ្គលឈ្មោះឡេង វណ្ណាតាមរយៈទិញអីវ៉ាន់តាមអេប Riich Me គឺមានច្រើនទៀត ជាក់ស្ដែងគ្រាន់តែអ្នកស្រីនិងមិត្តភក្ដិអ្នកស្រីចំនួនជាង៣០នាក់នេះ អស់ទឹកប្រាក់សរុបជាង១,៥លានដុល្លារអាមេរិកទៅហើយ ។
ប្រភពដដែលបន្តថា ដំបូងឡើយលោកឡេង វណ្ណាបានធ្វើឱ្យពួកគាត់ទុកចិត្ត តាមរយៈការបង្កើតកម្មវិធីជប់លៀងដល់អតិថិជន ហៅយើងទៅលេងផ្ទះ ញាំបាយជុំគ្នា និយាយបញ្ចុះបញ្ចូល ហើយជាពិសេសលោកឡេង វណ្ណានេះក៏រៀនបានខ្ពង់ខ្ពស់ថ្នាក់បណ្ឌិត ទើបធ្វើឱ្យពួកគាត់ត្រូវជឿជាក់លើបុគ្គលរូបនេះ ។
អ្នកស្រីបញ្ជាក់បន្ថែមថា ដោយសារតែស្គាល់លោកឡេង វណ្ណានេះហើយទើបអ្នកស្រីបានសម្រេចយកប្លង់ផ្ទះប្លង់ដីពីបងប្អូនខ្លះ របស់ខ្លួនឯងខ្លះទៅទៅបញ្ចាំ យកលុយពីធនាគារមកទិញទំនិញរបស់លោកវណ្ណានេះ ដោយចំនួនទឹកប្រាក់ដែលអ្នកស្រីត្រុវខាតបង់នេះគឺអ្នកស្រីបានបញ្ជាទិញតែម្ដងប៉ុណ្ណោះ ដើម្បីយកអីវ៉ាន់នោះមកបោះដុំបន្តទៅអតិថិជនរបស់អ្នកស្រីពីព្រោះអ្នកស្រី ជាអ្នកបោះដុំភេសជ្ជៈ និងស្រាបៀរធំនៅភ្នំពេញ ។
បើតាមការលើកឡើងរបស់ពលរដ្ឋដែលចាញ់បោកលោកឡេង វណ្ណាបាននិយាយថា លោកឡេង វណ្ណាបានព្រមានពួកគាត់ថា ខ្លួនមានខ្សែធំៗណាស់ ពុំអ្នកណាអាចធ្វើអ្វីលោកបានទេ។