ក្រសួងមហាផ្ទៃ៖ ដកហូតមុខតំណែងវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង ដោយសារល្មើសវិន័យកងកម្លាំង
Sokli
- 500

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយល្មើសវិន័យកងកម្លាំង។ លោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវបានតែងតាំងមុខតំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត តាមរយៈប្រកាសចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣កន្លងទៅថ្មីៗនេះ។

គេសង្កេតឃើញថា បន្ទាប់ពីមានការតែងតាំងនេះមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់ជាបន្តបន្ទាប់ ដោយសារតែមន្ត្រីនគរបាលរូបនេះ ធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសលួច ដោយលួច IPad របស់អ្នកដទៃ កាលពីពេលកន្លងមក។

បន្ទាប់ពីទទួលបានព័ត៌មាននេះមក ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រកាសចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេចដកហូតមុខតំណែង ចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យមកជាមន្ត្រី។

តាមរយៈប្រកាសដដែល បានបញ្ជាក់ថា ការដកហូតមុខតំណែងមន្ត្រីនគរបាលរូបនេះ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕