ភ្នំពេញ ៖ តាមប្រភពពត៏មានបានអោយដឹងថា រយៈពេលបីថ្ងៃ នគរបាលខណ្ឌច្បារអំពៅបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបើករថយន្តបំបុកស្រ្តីម្នាក់បណ្ដាលអោយស្លាប់ ហេតុការណ៍ខាងលើកើតឡើង កាលពីថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង៤២នាទី ចំណុចមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ស្រ្តីដែលជាជនរងគ្រោះមានឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ។ ចំណែកជនសង្ស័យឈ្មោះ សូត្រ សិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជានាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯង ស្នាក់នៅផ្ទះលេខ១៥F៨ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពពីសម្ថកិច្ចបានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះនិងកូនស្រីជិះម៉ូតូទៅ ផ្សារទិញអីវ៉ាន់ ហើយជនសង្ស័យក៏បានបើករថយន្តម៉ាក Toyota Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ ២AB-៤៩៨៣ តាមពីក្រោយ ។ ពេលនោះជនរងគ្រោះឃើញបែបនេះ ក៏បានឱ្យកូនស្រីជិះអែបកៀន ដើម្បីឱ្យរថយន្តបើកទៅមុន តែជនសង្ស័យមិនព្រមបើកវ៉ាទៅមុខ រួចជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត ។
លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យបានបើករថយន្តមកបំបុកជនរងគ្រោះឱ្យធ្លាក់ពីលើម៉ូតូ រួចជនសង្ស័យបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ រួចបើករថយន្តគេចខ្លួនមកទុកចោលនៅមុខដីឡូត៍គ្មានលេខ ជាប់របងវិទ្យាល័យច្បារអំពៅ រួចដោះស្លាកលេខរថយន្តលាក់គុម្ភស្មៅក្បែរនោះ ហើយបានដើរឡើងមកផ្លូវជាតិលេខ១វិញ ដើម្បីជិះម៉ូតូកង់បី រត់គេចខ្លួន។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព និងធ្វើកោសល្យវិច័យយកក្រយៅដៃ ក្នុងរថយន្ត និងខ្ចៅដៃជនសង្ស័យគឺជាមនុស្សតែមួយ រហូតដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣ ម៉ោង៣និង៣០នាទី រសៀលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ សាកសួរបន្ត ៕