ថ្មីៗនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានបញ្ចេញប្រតិកម្ម ក៏ដូចជាចែករំលែក និងបង្ហោះការមិនពេញចិត្តតាមបណ្ដាញសង្គម ចំពោះការបន្តគម្រោងសាងសង់ ប្រាសាទសីហនគរ របស់វត្តភូម៉ានហ្វា នៅភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ ដែលប្រាសាទមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្ត របស់កម្ពុជា។
ក្នុងនោះ ក៏មានមតិខ្លះ លើកជាចម្ងល់ ហេតុអ្វីក្រសួងសមត្ថកិច្ចកម្ពុជា មិនអើពើ ឬហាក់នៅស្ងៀមចំពោះករណីនេះ?
បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ ដឹងថា ករណីវត្តនៅប្រទេសថៃ ដែលទទួលប្រតិកម្មពីមហាជនថា បានចម្លងគំរូតាមប្រាសាទអង្គរកម្ពុជានោះ គឺកើតមានតាំងពីឆ្នាំ២០២១ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏ធ្វើការនេះរហូត មិនដែលព្រងើយកន្តើយទេ។ ចំណែកបណ្ដាញសង្គមដែលបានលើកឡើងនោះ មិនមែនសុទ្ធតែជាការិះគន់ទេ គឺក៏ជាការផ្ដល់ព័ត៌មានដើម្បីធ្វើឱ្យយើងប្រុងប្រយ័ត្នដែរ។
លោកបន្តថា៖ “ក្រសួងវប្បធម៌ ក៏ខិតខំប្រឹងប្រែងធ្វើការលើរឿងហ្នឹងដែរ យើងប្រើប្រាស់បច្ចេកទេស យើងប្រើប្រាស់បណ្ដាញផ្លូវការទូត តាមរយៈក្រសួងការបរទេស ដែលអនុញ្ញាតឱ្យក្រសួងវប្បធម៌ធ្វើការផ្ទាល់ជាមួយស្ថានទូតថៃនៅភ្នំពេញ ហើយយើងក៏ប្រើប្រាស់ស្ថានកុងស៊ុលយើងនៅខេត្តស្រះកែវ [ប្រទេសថៃ] ហើយស្ថានទូតកម្ពុជានៅថៃ ក៏បានចូលរួមពិនិត្យការងារហ្នឹងដែរ”។
“កន្លងមក យើងបានសុំប្លង់ស្ថាបត្យកម្មគេ គេថាអត់មានទេ ព្រោះបើមើលប្លង់ស្ថាបត្យកម្ម យើងនឹងដឹងថា ចម្លង ឬមិនចម្លងពីយើង។ គេឆ្លើយថា អត់មានទេ យើងក៏បញ្ជូនអ្នកជំនាញទៅដល់ទីតាំងផ្ទាល់ទៀត តែទៅក្នុងរូបភាពមួយ ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងមិត្តភាព គឺទៅក្នុងរូបភាពជាអ្នកស្រាវជ្រាវ។ យើងធ្វើ យើងមិនព្រងើយកន្តើយទេ តែយើងធ្វើក្នុងរូបភាពទន់ភ្លន់”។
រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើ បានបញ្ជាក់ថា ធម្មតាក្នុងទឹកដីប្រទេសគេ អំណាច នៃសេចក្ដីសម្រេចមួយចំនួន គេក៏មិនអាចដាក់កម្លាំងទៅឃាត់ ឬដាក់សម្ពាធទម្រង់ណាមួយ សូម្បីតែផ្លូវការទូត ក៏មិនអាចធ្វើអ្វីតាមតែយើងចង់បានដែរ។ ពេលខ្លះក៏យើងយល់ដែរ ប្រាសាទបុរាណខ្មែរលើទឹកដីថៃបច្ចុប្បន្នមួយចំនួនមានលក្ខណៈស្រដៀងគ្នា នឹងប្រាសាទនៅកម្ពុជាដែរ។ ជួនកាលគេឆ្លើយថា គេយកតាមគំរូប្រាសាទនគរភ្នំនៅប្រទេសគេ (ថៃបច្ចុប្បន្ន) ដែលមានលក្ខណៈស្រដៀងៗគ្នា ប្រាសាទនៅកម្ពុជាដែរ។
លោកបណ្ឌិត មានប្រសាសន៍បន្តថា៖ “ប៉ុន្តែអ្នកបច្ចេកទេសយើង (កម្ពុជា) នៅតែត្រៀម និងព្យាយាមតាមមើល ចរិតលក្ខណៈសាងសង់ហ្នឹងថា ពិតជាចម្លងពីអង្គរ ឬអត់ ហើយយើងកំពុងសិក្សាប្រៀបធៀបហើយ ប្រៀបធៀបទៀត ហើយអ្នកជំនាញយើងទើបទៅបានពិនិត្យថ្មីៗនេះឃើញ គេទើបបានសាងសង់កំពែងព័ទ្ធជុំវិញ និងច្រកចូលហ្នឹង មិនទាន់អាចវាយតម្លៃ គឺយើងធ្វើការលើបច្ចេកទេសច្បាស់ យើងមិនអាចចេះតែចោទគេទេ ព្រោះអ្នកបច្ចេកទេសនឹងអាចប្រៀបធៀបបានថា ចម្លងត្រង់ណា កន្លែងណា យើងត្រូវឱ្យច្បាស់ មិនអាចគ្រាន់តែក្រឡេកខ្វាច់ ហើយថាគេចម្លង យើងមិនអាចចោទគេទេ”។
“ប៉ុន្តែក្នុងនាមយើងជាអ្នកបច្ចេកទេស យើងឈរលើភាពច្បាស់លាស់ ទៅដល់ទីតាំង ធ្វើការឱ្យជិតស្និទ្ធជាមួយគេ ទោះជាទម្រង់ខ្លះដែលយើងពិបាកទទួលកិច្ចសហប្រតិបត្តិការពីគេ ក៏យើងប្រឹងបន្តទៀតដែរ។ ជារួម ការងារបច្ចេកទេស ការងារផ្លូវទូតយើងបានធ្វើ ការងារកិច្ចសហការផ្ទាល់ផ្នែកសិក្សាស្រាវជ្រាវ យើងប្រើអ្នកជំនាញគ្រប់រូបភាព អ្នកជំនាញផ្នែកអង្គរ ផ្នែកស្ថាបត្យកម្ម ផ្នែកវិស្វកម្ម យើងប្រើទាំងអស់។ ក្នុងនាមក្រសួង ធ្វើការងារហ្នឹងដិតដល់ណាស់ ប៉ុន្តែបើយើងថា គេមិនមែនចម្លងទេ ក៏យើងមិនទាន់ច្បាស់ ព្រោះការងារដែលគេធ្វើលើដីដែលព័ទ្ធហ្នឹង ទើបបានបន្តិច ហើយគេធ្វើលើដីគេទៀត ហើយតាមផ្លូវទូត”។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើ បញ្ជាក់ថា ក្រសួងបានរម្លឹកខាងស្ថានទូតថៃហើយថា សង្គមកម្ពុជាមានប្រតិកម្ម ហើយក្រសួង មានការព្រួយបារម្ភករណីហ្នឹង ចំណែកភាគីថៃក៏បានទទួលអ្វីដែលក្រសួងបានរម្លឹកនោះដែរ។ យើងអត់ទាន់មានភស្តុតាងថា គេចម្លងត្រង់ណាទេ ហើយយើងកំពុងសិក្សាឱ្យច្បាស់ គឺក្រសួងវប្បធម៌ អត់បានព្រងើយកន្តើយទេ ដរាបណាការដ្ឋានហ្នឹងមានវឌ្ឍនភាពបន្តទៅមុខទៀត គឺក្រសួងនៅតែបន្តតាមដាន ក៏ដូចជាមានការជូនដំណឹង និងជំនួបកម្រិតការទូតជាបន្តបន្ទាប់ទៀត។
ចំពោះសំណួរថា “ប្រសិនបើ ប្រាសាទនៅវត្តប្រទេសថៃនោះ ពិតជាចម្លងគំរូប្រាសាទអង្គរកម្ពុជា មែន តើកម្ពុជា នឹងមានវិធានការដូចម្ដេច?” ត្រូវបានមន្ត្រីក្រសួងវប្បធម៌ សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា បើយើងលើក ប្រយោគ ប្រសិនបើបែបនោះ ហើយលើកយកវិធានការមកបង្ហាញពេលនេះ គឺនាំឱ្យមានភាពល្អក់ កករមិត្តភាពការទូត ខណៈក្របខណ្ឌផ្លូវច្បាប់មានគ្រប់គ្រាន់ ដូចជាច្បាប់គ្រប់គ្រងបេតិកភណ្ឌពិភពលោក ក៏ដូចជាយន្តការអន្តរជាតិ ដូចជា អាយស៊ីស៊ីអង្គរ ដែលមានថៃជាសមាជិកចូលរួមប្រជុំ ហើយយើងអាចលើកទៅអ្នកជំនាញយូណេស្កូវាយតម្លៃទាំងអស់គ្នាថា តើគួរអនុញ្ញាតសាងសង់សំណង់នោះ ឬទេ? គឺធ្វើពីទម្រង់ទន់ភ្លន់ រហូត បើទម្រង់តឹងតែងទៅ គឺអាចបន្តដល់អនុសញ្ញាឆ្នាំ១៩៧២ ស្ដីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌ធម្មជាតិ ជាដើម ដែលច្រកទាំងនោះជាវិធានការទៅអនាគត។ ប៉ុន្តែយើងមិនចង់ប្រកាសដល់ហ្នឹងទេ ព្រោះបើនិយាយមិនស្រួល គឺប៉ះពាល់ទំនាក់ទំនងមិត្តភាពប្រទេស និងប្រទេស ព្រោះវត្តមួយជារបស់ឯកជន បើយើងរាលដាលដល់រដ្ឋាភិបាល ធ្វើឱ្យកើតបញ្ហាធំ។
លោកបណ្ឌិត ស៊ុំ ម៉ាប់ បញ្ជាក់ថា សូមប្រជាពលរដ្ឋកម្ពុជា លើកឡើងផ្ដល់ព័ត៌មានពិត និងកុំនាំឱ្យសង្គមមានការស្អប់ខ្ពើម រើសអើងរវាងជាតិសាសន៍ទាំងពីរ នោះជារឿងដ៏ល្អ និងសូមទុកការងារបច្ចេកទេសដល់ក្រសួងសមត្ថកិច្ចបន្តធ្វើការ ដែលក្រុមការងារបានខំធ្វើការជាប់រហូត ដ្បិតការងារឆ្លងប្រទេស មិនមែនដូចការងារក្នុងស្រុក ឬអាចចុះទៅហាមឃាត់បានភ្លាមទេ ពោលគឺទាមទាមទារនីតិវិធីត្រឹមត្រូវច្បាស់លាស់។