ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាប្អូនថ្លៃ បានកាប់ទៅលើស្រ្តីដែលជាបងថ្លៃបណ្តាលឲរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារបងថ្លៃជំពាក់លុយមិនចង់សង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦៖៥២នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិដើមស្លែង ម្ដុំដើមឈើទាលធំ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យខាងលើមានឈ្មោះ ភឿន ចន្ទ័ធឿន អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា ខ្លួនជិះម៉ូតូទៅផ្ទះបងថ្លៃ ក្នុងគោលបំណងទារលុយ ដែលបងថ្លៃរបស់ខ្លួនជំពាក់ចំនួន ៨០០០ដុល្លារ ។ ប៉ុន្តែបងថ្លៃបែរជានិយាយពាក្យមិនសមរម្យ និង គ្មានទំនួលខុសត្រូវ ទើបធ្វើអោយជនសង្ស័យ និង ជនរងគ្រោះ ឈ្លោះទាស់ពាក្យសម្តីគ្នា ។
ស្របពេលនោះជនសង្ស័យបានក្រឡេកឃើញកាំបិត ដែលទុកលើគ្រែមុខផ្ទះ រួចជនសង្ស័យបានស្ទុះទៅយកកាំបិត និងធ្វើសកម្មភាពកាប់ទៅលើបងថ្លៃរបស់ខ្លួន បណ្តាលអោយរងរបួសដៃ និងក្បាលធ្ងន់ធ្ងរ រួចបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕