ក្រសួងមហាផ្ទៃ៖ រឿងចិន «No more bets» ដែលចោទកម្ពុជា ជាជម្រកនៃហ្គេមអនឡាញខុសច្បាប់ ជាការលាបពណ៌
Sokli
-

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ រឿងអាស្រូវចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាពយន្តចិន ដែលបង្ហាញមុខមាត់របស់ប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតថា ជាកន្លែងប្រព្រឹត្តអំពើខុសច្បាប់ដ៏គ្រោះថ្នាក់មួយ ពាក់ព័ន្ធនឹងការចាត់ជម្រិតដ៏គួរឱ្យភ័យខ្លាចសម្រាប់ក្នុងចំណោមភ្ញៀវទេសចរជនជាតិចិនជាច្រើន ដែលវាបានធ្វើឲ្យចំនួនអ្នកធ្វើដំណើរកម្សាន្តមកប្រទេសនេះ មានការធ្លាក់ចុះ។

រឿង «No More bets» របស់ចិន ដែលរកចំណូលបានខ្ទង់ពានលានដុល្លាអាមេរិក ដោយមានអ្នកទស្សនារាប់រយលានអ្នកជុំវិញពិភពលោក កំពុងធ្វើឲ្យកិត្តិនាមប្រទេសកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ដោយសាររឿងនេះបាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍ មានកម្ពុជា និងមីយ៉ាន់ម៉ា ជាដើម គឺជាប្រភពនៃល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ, ការចាប់ជម្រិត, ការជួយដូរមនុស្សតាមអនឡាញ, ការធ្វើទារុណកម្មយ៉ាងឃោរឃៅ និងការបង្ខាំងមនុស្សបង្ខំឲ្យធ្វើការដោយខុសច្បាប់ផងដែរ ។

មហាជនកម្ពុជា បានបញ្ចេញកំហឹងយ៉ាងខ្លាំងក្លាជុំវិញភាពយន្តមួយនេះ និងបានស្នើសុំក្រសួងពាក់ព័ន្ធអន្តរាគមន៍ចំពោះអ្វីដែលមហាមិត្តចិន បានធ្វើឱ្យមានការយល់ច្រឡំប៉ះពាល់ដល់កិតិ្តនាមប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ រហូតទេសចរចិន និងបរទេសបង្ហាញការភ័យខ្លាចមិនហ៊ានមកលេងកម្សាន្តនៅកម្ពុជា។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើកឡើងថា នោះជាការលាបពណ៌ ចំពោះករណីចោទកម្ពុជាជាជម្រកនៃហ្គេមអនឡាញខុសច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ដែលបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នាថ្ងៃទី២៦ ខែកញ្ញា នេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា ការដែលលាបពណ៌កម្ពុជាថា ជាជម្រកនៃហ្គេមអនឡាញខុសច្បាប់ អាចជាចេតនាមិនល្អ ពោលគឺអាចជាការកេងចំណេញផ្នែកនយោបាយ និងអាចជាសមរភូមិទេសចរណ៍ ដែលបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក កំពុងដណ្ដើមទីផ្សារ។ ម្យ៉ាងទៀត យើងដឹងទាំងអស់គ្នាហើយថា និន្នាការពិភពលោកបច្ចុប្បន្ន គឺកំពុងរីកសាយភាពយ៉ាងគំហុកលើវិស័យបច្ចេកវិទ្យា ដែលបណ្ដាប្រទេសភាគច្រើនតែងប្រឈមនឹងបញ្ហាអវិជ្ជមានតាមអនឡាញ គ្រាន់តែថា តិច ឬច្រើនប៉ុណ្ណោះ។ ដូច្នេះ កុំព្យាយាមទម្លាក់បន្ទុកនេះលើកម្ពុជា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តទៀតថា ក្នុងនោះ បើបរទេសមិនការពារយើង យើងជាខ្មែរ គប្បីទុកនិន្នាការមួយឡែក រួមគ្នាបង្ហាញភាពស្អាតស្អំរបស់កម្ពុជាយើង ទៅកាន់មតិអន្តរជាតិកុំឱ្យគិតអវិជ្ជមានលើកម្ពុជា។ យើងនៅចាំទេ កាលពីប៉ុន្មានឆ្នាំមុន នៅពេលក្ដាប់ព័ត៌មានបានថា មានករណីកើតមានបញ្ហាអវិជ្ជមានតាមអនឡាញ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី បានចាត់វិធានការក្ដៅគគុកប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា ថ្មីៗនេះដែរ មានផែនការទាញទម្លាក់កម្ពុជា ចូលទៅក្នុងបញ្ជីមិនសូវល្អមួយ នៃការជួញដូរមនុស្សតាមគ្រប់រូបភាព សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចាត់គ្រប់មធ្យោបាយ រហូតគេដកកម្ពុជាចេញពីបញ្ជីអវិជ្ជមាននោះវិញ។ អ៊ីចឹងហើយ បើគេព្យាយាមទម្លាក់យើងចូលភក់ យើងគប្បីរួមគ្នាទាញឡើងមកវិញ ពោលគឺយើងជឿជាក់លើកម្ពុជា។

ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី លោករិះរកគ្រប់យុទ្ធសាស្ត្រលើការគ្រប់គ្រងសន្តិសុខជារួម ក្នុងនោះ ឯកឧត្ដម បានចាត់បញ្ជូនអគ្គស្នងការរងម្នាក់ ធ្វើជាស្នងការនគរបាលខេត្តព្រះសីហនុ គឺលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា ដែលបានទទួលការបណ្ដុះបណ្ដាលជំនាញនគរបាលពីក្រៅប្រទេស និងមានបទពិសោធន៍លើជំនាញសន្តិសុខ ប្រឆាំងភេរវកម្ម អន្តោប្រវេសន៍ជាដើម។

ក្នុងនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានចាត់អគ្គស្នងការរងម្នាក់ទៀត ជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកឧត្ដមសេនីយ៍ទោ ជួន ណារិន ដែលមហាជនដឹងថា លោកមានជំនាញខាងព្រហ្មទណ្ឌ និងការងារសន្តិសុខ។

ក្រៅពីនេះ ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលកិច្ចការសន្តិសុខ និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលលោកមានជំនាញ និងបទពិសោធន៍ពេញលេញ ព្រោះអតីតជាអគ្គស្នងការនគរបាលជាតិ។ ទាំងនេះបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសទទួលហ្គេមអនឡាញខុសច្បាប់ ឬឧក្រិដ្ឋជននោះទេ។

ករណីចំណាត់ការលើភាពយន្តចិនដែលមានអក្សរខ្មែរនោះ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា យើងគាំទ្រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងចំណាត់ការ និងទស្សនៈ ដែលចាត់ទុកថា មានអក្សរខ្មែរក្នុងភាពយន្តនេះ នាំឱ្យមានការភាន់ច្រឡំថា ឈុតឆាកឧក្រិដ្ឋកម្មទាំងនោះកើតឡើងនៅកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ ជះផលអវិជ្ជមានដល់វិស័យទេសចរណ៍ វិនិយោគជាដើម។ យើងជឿជាក់លើអ្វីដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើថា នឹងទទួលលទ្ធផលជាវិជ្ជមាន។

គួរបញ្ជាក់ថា មហាជនបានផ្ទុះប្រតិកម្មដូចទឹកបាក់ទំនប់ ជុំវិញភាពយន្តចិនមួយដែលមានចំណងជើងថា «No more bets» ហើយភាពយន្តនេះ បាននិងកំពុងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា ដាំក្បាលចុះមួយទំហឹង ដោយសារតែអ្នកទេសចរចិន និងបរទេសដែលបានទស្សនារឿងនេះ មានការភ័យខ្លាចក្នុងការមកកម្សាន្តនៅកម្ពុជា។

ជាងនេះទៅទៀត ភាពយន្តចិនមួយនេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ទឹកចិត្តមហាជនខ្មែរ ព្រោះភាពយន្តចិនមួយនេះ អ្នកនិពន្ធបានអះអាងថា ផលិតឡើងមកផ្អែកទៅលើការពិត ដែលបានធ្វើការស្រាវជ្រាវ និងលើកឡើងថា មានបទឧក្រិដ្ឋជាច្រើនកើតមាននៅប្រទេសអាស៊ីអាគ្នេយ៍ មានទាំង កម្ពុជា ថៃ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។