ភ្នំពេញ៖ ជនសង្ស័យម្នាក់តែងតែក្លែងបន្លំខ្លួន ជា កងអាវុធហត្ថ ជានគរបាល និងមេធាវី ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានី ភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌទួលគោក ចុះឃាត់ខ្លួនហើយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចផ្ទះលក់កាហ្វេ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពពីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យឈ្មោះ ផៅ ផានិត ភេទ ប្រុស អាយុ ២៧ឆ្នាំ សារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គម ហ្វេសប៊ុក និង ប្រព័ន្ធតេឡេក្រាម បានសម្រេចចំនួន ៧លើក ក្រោមរូបភាពយករូបជាសមត្ថកិច្ចកងរាជអាវុធហត្ថ, នគរបាល និងមេធាវី មកដាក់តាំងនៅលើប្រូហ្វាល់តេឡេក្រាម របស់ខ្លួន ឈ្មោះ CHAN SEIHA ប្រើលេខទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩, ឈ្មោះ CHAN THY ប្រើលេខទូរស័ព្ទ ០៦០ ៤១១ ៦៦០, តាំងរូបក្លែងជាមេធាវីប្រើលេខទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និងរូបគណនីផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយហ្វេសប៊ុករបស់ខ្លួនផ្ទាល់ឈ្មោះ PHILLIPS PN ដោយដាក់តាំងរូបជាជនបរទេស ដើម្បីចូលទៅតាមដាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង គ្រុបតេឡេក្រាម ។
ជនសង្ស័យបន្តប្រាប់អោយដឹងថា ប្រសិនបើមានជនរងគ្រោះណា ផុសព័ត៌មាននៅក្នុងបណ្តាញសង្គមទាំងនោះថា មាន ករណីបាត់ឆ្កែ, បាត់ម៉ូតូ ឬ ចោរឆក់ទូរស័ព្ទ នោះរូបខ្លួននឹងធ្វើការទំនាក់ទំនងទៅសុំលេខទូរស័ព្ទ និងតេឡេក្រាម ពីជនរងគ្រោះ ដើម្បីឆាតទៅសួរនាំជនរងគ្រោះពីរឿងហេតុ រួចខ្លួនអោយពួកគាត់វេរប្រាក់ ដើម្បីជួយស្រាវជ្រាវរករបស់ដែលបានបាត់ ហើយខ្លួនអោយជនរងគ្រោះ ផ្ញើប្រាក់តាមរយៈសេវាវីង និង ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ 006 095 596 និងមានគណនីឈ្មោះ PHANITH PHAO ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕