បុរសជាជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តយ៉ាងលឿន ជ្រុលទៅបុកពីក្រោយរថយន្ត ២គ្រឿងទៀត និងបានប្រើហិង្សាមកលើសមត្ថកិច្ច
Sokli
-

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះបើករថយន្តម៉ាក LexusLX470 យ៉ាងលឿន រួចជ្រុលទៅបុកពីក្រោយរថយន្តតូយូតាព្រូសចំនួន២គ្រឿងទៀត ដែលកំពុងឈប់រង់ចាំស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ និងបានប្រើហិង្សាវាយទៅលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយូតាព្រូសចំនួន២គ្រឿង ដែលមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1037 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធ។ ចំណែករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-3616 បើកដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម។

ប្រភពដដែលបន្តថា ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តទាំង២គ្រឿងនោះ ក៏បានឈប់រង់ចាំភ្លើងស្តុបក្រហម ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាកឡិចស៊ីស470 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរមកពីក្រោយស្របគ្នា ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនមិនបង្អង់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តតូយូតាព្រូសពេញទំហឹង រួចរុញផ្ទប់នឹងរថយន្តមួយគ្រឿងទៀតនៅពីមុខ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុបានបន្តិចមក សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីឲ្យភាគីទាំងសងខាងសម្រួលគ្នា បែរជាបុរសជនជាតិចិននោះ ប្រើកាយវិការច្រងេងច្រង៉ាង និងវាយទៅលើសមត្ថកិច្ច២នាក់ បណ្តាលឲ្យរងរបួសផងដែរ។ បន្ទាប់មកសមត្ថកិច្ចក៏បានដាក់កម្លាំងមកបន្ថែមទៀត ដើម្បីធ្វើការឃាត់ខ្លួនបុរសជនជាតិចិនរូបនោះ ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយប្រើហិង្សាទៅលើសមត្ថកិច្ច ដើម្បីយកទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ សួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ។

បន្ទាប់ពីកើតហេតុខាងលើនេះហើយ សមត្ថកិច្ចមូលដ្ឋានក៏សហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ទីន្លែងកើតហេតុ ធ្វើការវាស់វែង និងធ្វើកំណត់ហេតុ រួចយករថយន្ត២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯរថយន្តមួយគ្រឿងទៀត ម្ចាស់មិនចង់វែងឆ្ងាយ ក៏សុំសមត្ថកិច្ចយករថយន្តចេញពីកន្លែងកើតហេតុ ទៅជួសជុលដោយខ្លួនឯងតែម្ដងទៅ៕