ក្រុម Chery បង្កអំពើហិង្សាព្រួតគ្នាវាយសិស្សស្រីម្នាក់ អាយុគ្រប់គ្រាន់ ប្រឈមជាប់ពន្ធនាគារ
Sokli
-

រាជធានីភ្នំពេញ ៖ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សំណុំរឿងសិស្សសាលា៥នាក់ ព្រួតគ្នាវាយសិស្សម្នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការ បើកការស៊ើបសួររួចរាល់ហើយ ហើយបានសម្រេចធ្វើការចោទប្រកាន់ក្រុមCherry ប្រុសស្រីទាំង៥ នាក់នោះ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមបញ្ញតិមាត្រា២១៨ នៃក្រមព្រហ្ម ទណ្ឌ ។

បើយោងតាមមាត្រា ២១៨ ជាបទល្មើសប្រឆាំងនិងបុគ្គល «អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានទៅ១០ លានរៀល កាលប្រើអំពើហិង្សានេះបានប្រព្រឹត្ត ៖

១. ដោយមានការគិតទុកជាមុន ។

២. ដោយប្រើអាវុធ ឬគំរាមកំហែងនិងអាវុធ ។

៣. ដោយមានមនុស្សច្រើននាក់ក្នុងឋានៈ ជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត ។

ជនសង្ស័យទាំង៥ នាក់មាន ៖

១. ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅCherry ភេទប្រុស (ចរឹកស្រី)អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

២. ឈ្មោះ យាន រស្មី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣. ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៤. ឈ្មោះ គង់ ស៊ីណា ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៥. ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពីតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនសង្ស័យជាឆ័ន្ទានុសិទ្ធិរបស់ចៅក្រម ។ ប៉ុន្តែដោយពេលវេលាល្ងាចពេកផុតម៉ោងការងាររដ្ឋបាល ជនសង្ស័យទាំង៥ នាក់ ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ញើទៅសមត្តកិច្ចនគរបាលខណ្ឌកំបូលវិញ តម្រូវដល់ព្រឹកថ្ងៃ០៨ ខែមករា ឲ្យនាំទៅបន្តនីតិវិធីទៀត ។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តាមបណ្តាញសង្គម បានចែកចាយវីដេអូដែលបង្ហាញពីសកម្មភាព សិស្សសាលាមួយក្រុម បានព្រួតគ្នាវាយសិស្សស្រីម្នាក់ នៅដីវាល មួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមរយៈវីដេអូនោះសិស្សប្រុសម្នាក់(មានចរិកជាស្រី)និងបក្ខពួក ជាសិស្សស្រីម្នាក់ទៀត បានប្រើអំពើហិង្សា វាយទាត់ធាក់ទៅលើក្មេងស្រីវ័យជំទង់ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនោះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីទេ ។ ពេលនោះបុគ្គលចរិកជាស្រីហៅថា Cherry បានសម្តែងកាយវិការអួតអាងថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ ។

ក្រោយបែកធ្លាយខ្លិបវិដេអូនោះ ក្រុមសិស្ស៤នាក់ទំនងជាដឹងខ្លួន បានជិះម៉ូតូរត់គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចឃាត់បានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។