ឃាត់ខ្លួនបុរសម្នាក់ ប្រើប្រាស់កាំភ្លើងដែលមានរូបរាងដូចទូរសព្ទ iPhone យកទៅគំរាមគេ
Sokli
-

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់អាវុធ មានលក្ខណះដូច ទូរសព្ទដៃសេរីទំនើប iPhone ប៉ុន្តែបាញ់គ្រាប់កាំភ្លើងពិតៗ។ បុរសខាងលើបានដកភ្ជង់គំរាមអ្នកដទៃ ដោយសារខឹងរឿងអ្នកផឹកស៊ីចាក់ធុងបាស់ បង្កសំឡេងឮខ្លាំង ។

តាមរយះ អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សា ម្លិះ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង បញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីអនុវត្តបន្តតាមនិតិវិធី ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបន្តថា សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ បេ ខេមរិន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ថា មានករណីគំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង ខេត្តបាត់ដំបង ដោយជនសង្ស័យខាងលើបានប្រើប្រាស់អាវុធនេះ គំរាមដល់ជីវិតរបស់គាត់ ។

លោកវរសេនីយ៍ឯក បានបន្តទៀតថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ សមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យខាងលើ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។

លោកអធិការ បានបន្ថែមថា នៅពេលមន្ត្រីជំនាញធ្វើការសាកសួរ ជនសង្ស័យក៏ឆ្លើយសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅ ភ្ជង់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារខឹង នឹងជនរងគ្រោះ ផឹកស៊ីចាក់ធុងបាស់ បង្កសំឡេងឮខ្លាំងៗ ។

សម្ភារៈ ដែលដកហូត រួមមាន ៖

- កាំភ្លើងមិនស្គាល់ម៉ាក មានរាងជាទូរសព្ទ iPhone ដែលមានលេខ IC380 ចំនួន០១ដើម ។

-គ្រាប់កាំភ្លើងពិត ចំនួន០៦គ្រាប់

-មួកសុវត្ថិភាព ចំនួន០១

-ទូរសព្ទម៉ាកអូប៉ូ ពណ៍មាស ចំនួន០១គ្រឿង

-ស្រោមដាក់គ្រាប់កាំភ្លើង ក្រណាត់ពណ៌ខ្មៅ ចំនួន០១

-ម៉ូតូម៉ាក់ Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរីឆ្នាំ ចំនួន០១គ្រឿង ។

អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា អាវុធប្រភេទ IC380 នេះ ជាអាវុធ ដែលផលិតឡើង ឲ្យដូចទៅនឹងទូរសព្ទដៃសេរីទំនើប (iPhone ) ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថា ជាអាវុធនោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពបាញ៉ផ្ទុះគ្រាប់ តែម្តង ទើបដឹងថា វាជាអាវុធ អាចបាញ់ប្រហារបាន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តទោសតាមផ្លូវច្បាប់ហើយ ៕