ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ១០ នាទី ជនសង្ស័យចំនួន ០១ នាក់ បានជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមកាមេរ៉ាដែលនៅជុំវិញកន្លែងកើតហេតុ ក៏បានឃើញពីសកម្មភាពខាងលើ ព្រមទាំង កំណត់បាននូវអត្តសញ្ញាណរបស់ជនសង្ស័យឈ្មោះ ប៉ុល ខួចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល០៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទនៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ មណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩ តាមអំណាចសាលក្រមលេខ នាពេល កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ។

លុះនៅវេលាម៉ោង ១៧ និង ០៥ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្ត ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ុល ខួចចិន្តា នៅចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតវត្ថុតាង ១. ម៉ូតូ០១គ្រឿងម៉ាក YAMAHA XRIDE ពណ៌ខ្មៅ (ភ្លើងតែមពណ៍ប្រផេះ) ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-9870 (ផ្លាកលេខមិនប្រក្រតី) កាបូបស្ពាយ ពណ៌ខ្មៅ របស់ជនរងគ្រោះដែលក្នុងកាបូបនោះមាន ទុកកាបូបលុយពណ៌ផ្កាឈូកចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិអេស្ប៉ាញចំនួន០១សន្លឹក និងការធនាការចំនួន០៨សន្លឹក។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើពីបទលួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ) បទ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងបទ ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ មាត្រា ៣៥៣ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ មាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមជូនសាធារណជនមេត្តាជ្រាបថា៖ ជនសង្ស័យ ខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ ហើយផ្អែកតាមច្បាប់អាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០(ម្ភៃឆ្នាំ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕



