ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញនៅសៀមរាប ( ទូរសព្ទលក់ថោកៗ) វេលុយហើយប្លក់បាត់...
Heang
-

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដោយបង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ តែនៅពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង។

ជនសង្ស័យដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយស្ដាត់ចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ជននេះប្រើប្រាស់ Facebook Page ឈ្មោះ «Modern Phone Shop»។

ផ្អែកតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ពៅ ចាន់វណ្ណៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែន។ តាមភស្ដុតាងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗ គឺទទួលបានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕