នារីរងគ្រោះជាម្តាយ ចេញមកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ បណ្តាលអោយប្តីនិងកូន២ នាក់ទៀតស្លាប់នោះ ជិតបីខែហើយ នាងនៅមិនទាន់បានសំណងទេ...
Heang
-

គួររំលឹកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើងនៅកាលល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ដោយបង្កដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូដែលបើកបរក្នុងទិសដៅផ្សេងគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច២នាក់ ព្រមទាំងម្ដាយរងរបួសធ្ងន់ដាច់ជើង។

ហេតុការណ៍ដែលបន្សល់នូវភាពសោកសៅនេះកើតឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដបង្កម៉ាក Tacoma ពាក់ផ្លាកលេខភ្នំពេញ 2BS-1023 បុកជាមួយម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1II-2330 ដែលជិះគ្នា៤នាក់ ក្នុងនោះមានឪពុក ម្ដាយ និងកូនតូច២នាក់ ស្រីម្នាក់ ប្រុសម្នាក់។ ជាអកុសលក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកូនតូចៗទាំង២នាក់ រួមជាមួយឪពុកបានស្លាប់ភ្លាមៗ ខណៈម្ដាយរងរបួសធ្ងន់ដាច់ជើង។

យ៉ាងណាមិញប្រើយើងក្រឡេកមកមើលនៅក្នុងពេលបច្ចុប្បន្ននារីដែលជាជនរងគ្រោះមានឈ្មោះថា នន ចន្ទ័លក្ខិណា ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Non Leakna បានបង្ហោះនៅលើបណ្តាញសង្គមមកដល់ពេលនេះជិត៣ខែហើយ នាងនៅតែមិនទាន់ទទួលបានសំណងអ្វីពីខាងភាគីជនបង្កនោះទេ នេះបើយោងតាមការបញ្ជាក់របស់នារីរងគ្រោះ។ 

ប្រិយមិត្តជាទីមេត្រីដើម្បីអោយជ្រាបកាន់តែច្បាស់សូមអានសំណេររបស់នារីរងគ្រោះដូចតទៅ ៖ «ប្តីហើយនឹងកូនៗជាទីស្រលាញ់របស់ខ្ញុំបានលាចាកពីលោកនេះទៅជិត3ខែហើយ😭ចាប់តាំងពីថ្ងៃកើតហេតុទី10ខែមករាឆ្នាំ2025រហូតមកដល់ថ្ងៃនេះនាងខ្ញុំមិនទាន់ទទួលបានសំណងអ្វីនៅឡើយទេជិត3ខែហើយខាងតុលាការកោះហៅឡើងរហូតតែមកដល់ថ្ងៃនេះមិនទាន់មានដំណឹងនៅឡើយទេ មិនដឹងថាពេលណាទើបបានសំណងខ្លះដើម្បីយកទៅបន្តការព្យាបាល នឹងយកទៅសងគេទេកុំតែបានលើបងប្អូនទាំងអស់គ្នាជួយទេ កុំអីខ្ញុំមិនដឹងថាមានជីវិតរស់នៅបន្តឫអត់ទេ🙏» ៕