មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃលើកឡើងថា អាចមានពលករខ្មែរជាច្រើននាក់កំពុងបាត់ដំណឹង ហើយត្រូវបានគេសង្ស័យថា កំពុងជាប់នៅក្នុងអាគារបាក់រលំក្នុងទីក្រុងបាងកក។ ជាមួយគ្នានេះ មានសាច់ញាតិខ្លះលើកឡើងថា ពួកគាត់កំពុងរង់ចាំដំណឹងពីបងប្អូននៅក្បែរអាគារបាក់រលំ។
មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (Central) ប្រចាំប្រទេសថៃលោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០មីនាថា យ៉ាងហោចណាស់មានពលករខ្មែរចំនួន៤នាក់ ត្រូវបានសាច់ញាតិបញ្ជាក់ប្រាប់ខាងក្រុមមន្ត្រីអង្គការសង់ត្រាល់ថា ពួកគាត់ពុំអាចទាក់ទងទៅបងប្អូនរបស់ខ្លួន និងកំពុងរង់ចាំដំណឹងពីក្រុមអ្នករុករកនៅកន្លែងបាក់អាគារ។
លោកបន្តថា ពលករទាំងនោះ ជាអ្នកធ្វើការនៅក្នុងអាគារកំពុងសាងសង់កម្ពស់ជាង៣០ជាន់ ដែលបាក់រលំកាលពីថ្ងៃទី២៨ខែមីនា ស្ថិតនៅសង្កាត់ ចាក់តុកចាក់ (Chatuchak) ក្នុងទីក្រុងបាងកក (Bangkok) ប្រទេសថៃ។

លោក លឹង សុផុន ថា៖ «មានពលករខ្មែរមួយក្រុម មានចំនួន៥នាក់ ហើយម្នាក់ស្រីបានបញ្ជាក់ប្រាប់ថា គាត់បាត់បងប្រុសបងស្រីគាត់ ហើយបញ្ជាក់ថា បងប្រុសបងស្រីគាត់ ជាអ្នកធ្វើការនៅលើអាគារហ្នឹង មុនពេលអាគារដួលរលំ គឺបងប្រុសបងស្រីគាត់ធ្វើការងារលើអាគារ តែមកដល់នេះ ប្អូនស្រីរង់ចាំ(កន្លែងអាគារបាក់រលំ) មើលបង ហើយទាក់ទងទៅបងអត់ទាន់បានទេ»។
អង្គការសង់ត្រាល់បានដាក់មន្ត្រីរបស់ខ្លួនតាមដានការរុករកពលករខ្មែរបាត់ខ្លួន នៅទីតាំងអាគារបាក់រលំ។ លោក លឹង សុផុន បន្ថែមថា ពលករខ្មែរដែលធ្វើការងារនៅក្នុងអាគារបាក់រលំនិងកំពុងបាត់ដំណឹង អាចមានលើសពី៤នាក់ ដោយសារពួកគាត់ចូលធ្វើការតាមរយៈថៅកែផ្សេងៗគ្នា។
បងប្អូនរបស់ពលករប្ដីប្រពន្ធពីរនាក់ ដែលបាត់ដំណឹងនៅក្នុងគំនរអាគារបាក់រលំប្រាប់អាស៊ីសេរីនៅថ្ងៃទី៣១មីនាថា មកដល់ពេលនេះ សាច់ញាតិបន្តស្ថិតនៅក្បែរអាគារបាក់រលំ ដើម្បីរង់ចាំព័ត៌មានពីការរុករករបស់ក្រុមជួយសង្គ្រោះ និងព័ត៌មានពីមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ។

ចំណែកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអះអាងថា មានមន្ត្រីស្ថានទូតខ្មែរនៅប្រទេសថៃ បានចុះផ្ទាល់ដល់កន្លែងកើតហេតុដែរនោះ បញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៩មីនាថា ក្រសួងបានទាក់ទងពលករដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅថៃ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា មានពលករខ្មែរប៉ុន្មាននាក់ ដែលធ្វើការនៅក្នុងអាគារបាក់រលំនោះនៅឡើយ។
ពលករខ្មែរនៅថៃរយៈពេល៤ឆ្នាំម្នាក់ និងជាអ្នកធ្វើការក្នុងអាគារកំពុងសាងសង់មួយកន្លែង ដែលស្ថិតនៅចម្ងាយពីអាគារបាក់រលំប្រហែល៥គីឡូម៉ែត្រ លោក យ៉ុន សាយយ័ន ប្រាប់អាស៊ីសេរីថា លោកនិងកូនស្រីអាយុ ១៩ឆ្នាំ កំពុងធ្វើការនៅអាគារខុនដូរជាន់ទី១៣ អំឡុងពេលមានការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក។

ពលករមានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងរូបនេះបន្តថា អាគារបានយោលខ្លាំងប្រហែល៣នាទី ធ្វើឱ្យឮសំឡេងប្រេះថ្មធ្លាក់ និងដាច់សរសៃរដែក រួមទាំងផ្ទុះខ្សែភ្លើង ហើយបង្កឱ្យក្រុមកម្មករទាំងខ្មែរ ភូមា និងឡាវ ភ័យស្លន់ស្លោនាំគ្នារត់ចុះពីអាគារ ដោយសំណាងល្អ អាគារដែលមានពលករខ្មែរធ្វើការជាង១០០នាក់ មិនបាក់រលំ។
លោក យ៉ុន សាយយ័ន ថា៖ «មុនដំបូងមិនគិតថា ជាគ្រោះរញ្ជួយផែនដីទេ គិតថាអាគារហ្នឹង វាស្រុត នាំគ្នារត់ ហៅប្អូន ហៅកូន។ រត់ចុះមកពេលហ្នឹង អត់ថតទេ រត់រៀងៗខ្លួន អ្នកខ្លះ រត់អត់ស្បែកជើង ទាំងភូមា ទាំងឡាវ ទាំងថៃ រត់ចុះមក។ អ្នកខ្លះនៅជាន់លើ ជាន់២៤ ទម្រាំមកដល់ក្រោម រាងយូរដែរ។ ពេលហ្នឹង អាគារយោលខ្លាំងមែនទែន ក្នុងចិត្តពួកខ្ញុំថា មិនអាចរស់ទេ មិនអាចជួបប្រពន្ធកូននៅស្រុកទេ»។
លោក យ៉ុន សាយយ័ន បន្ថែមថា តាមការដ្ឋានសាងសង់អាគារខ្ពស់ៗនៅក្រុងបាងកកភាគច្រើន សម្បូរពលករខ្មែរ និងភូមាធ្វើការច្រើន។ លោកបញ្ជាក់ថា មានពលរដ្ឋថៃបានប្រាប់លោកថា អាគារកំពុងសាងសង់បាក់រលំនៅសង្កាត់ចាក់តុចាក់ សម្បូរពលករខ្មែរនិងភូមា។

លោក យ៉ុន សាយយ័ន ថា៖ «ប្រជាជនថៃ ឃើញខ្ញុំដើរតាមផ្លូវ គេសួរពួកខ្ញុំថា នៅចាក់តុចាក់ មានពួកម៉ាកឬបងប្អូនធ្វើការនៅហ្នឹងអត់ ខ្ញុំឆ្លើយថា អត់មានទេ។ ហើយគេ(ជនជាតិថៃ) ថា ជនជាតិខ្មែរធ្វើនៅហ្នឹងច្រើនណាស់ ហើយភូមាក៏ច្រើនដែរ។ ថៃអត់សូវមានទេ នៅកន្លែងហ្នឹង»។
សារព័ត៌មានថៃបាងកកប៉ុស្ដិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី៣០មីនាថា អ្នកស្លាប់ដោយសារបាក់អាគារ ត្រូវបានគេរកឃើញកើនដល់១៧នាក់ ខណៈ៧៧នាក់ទៀត បន្តបាត់ខ្លួន។ អង្គការសង់ត្រាល់ បានបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា មានពលការិនីខ្មែរម្នាក់ឈ្មោះ ចូច សំណាង មានស្រុកកំណើតនៅខេត្តកំពង់ធំ បានរួចជីវិត ប៉ុន្តែបានរងរបួសបាក់ជើង នៅពេលមានពលករផ្សេង បានជួយទាញនាងរត់ចេញពីកន្លែងបាក់រលំអាគារនៅបាងកក៕
រូបភាព៖ ផ្ដល់ឱ្យដោយមន្ត្រីអង្គការសង់ត្រាល់