សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសព ពលករខ្មែរ​ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ
Heang
-

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារ​ជូនក្រុមគ្រួសារ​សពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅ​ក្នុងប្រទេស​ថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដទៃទៀត បានចូលរួមថវិកាសរុបជាង ៥០លានរៀលទៀត។

ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសពលោក មាស សាវ៉ាង ព្រមទាំងក្រុម​គ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសព រួមទាំងថវិកា​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២០លានរៀល, ថវិការបស់​លោកអភិបាលខេត្តចំនួន ២លានរៀល, ថវិការបស់ក្រុម​ការងាររៀបចំ​អង្គការ​ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ចំនួន ១៥លានរៀល ព្រមទាំងថវិកា​របស់សមាគម​ភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀលផងដែរ។

សូមបញ្ជាក់ថា លោក មាស សាវ៉ាង ជាពលករខ្មែរមួយរូប ត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រលំអគារ បណ្តាលមកពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ៕