នោះៗ ! ប្លុកអឺរ៉ុប ស្នើដំឡើងពន្ធតបត ២៥% លើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក...
Heang
-

ឯកសារមួយច្បាប់ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានបង្ហាញថា គណៈកម្មការអឺរ៉ុប បានស្នើឡើងនូវពន្ធតបតចំនួន ២៥% លើទំនិញជាច្រើនមុខរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០៧ មេសា) ដើម្បីឆ្លើយតបទៅនឹងការយកពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើដែកថែប និងអាលុយមីញ៉ូម។

ឯកសារនេះបាននិយាយថា ការដំឡើងពន្ធលើទំនិញមួយចំនួននោះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែឧសភា និងពន្ធផ្សេងទៀតមានប្រសិទ្ធភាពនៅចុងឆ្នាំនេះគឺនៅថ្ងៃទី០១ ខែធ្នូ។ ទំនិញត្រូវជាប់ពន្ធសងសឹកទាំងនោះមានលក្ខណៈទូលំទូលាយ ហើយរួមមាន ពេជ្រ ស៊ុត សរសៃអំបោះសម្អាតធ្មេញ សាច់ក្រក និងបសុបក្សីជាដើម។ ការយកពន្ធប្រឆាំងតប លើគ្រាប់ធញ្ញជាតិ ដូចជាអាល់ម៉ុន និងសណ្តែកសៀង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ។

ប្រធានពាណិជ្ជកម្ម EU លោក Maros Sefcovic បាននិយាយថា ពន្ធតបតនេះ នឹងមានផលប៉ះពាល់តិចជាងការប្រកាសពីមុន ពោលគឺត្រឹមតែ ២៦ពាន់លានអឺរ៉ូ (២៨,៤៥ ពាន់លានដុល្លារ) ប៉ុណ្ណោះ។ ស្រាវីស្គីអាមេរិក និងផលិតផលទឹកដោះគោ ត្រូវបានដកចេញពីបញ្ជីដើម ដែលគណៈកម្មការថ្លឹងថ្លែងកាលពីខែមីនា ដោយសារពេលនោះ លោក Trump គំរាមយកពន្ធ ២០០% វិញលើគ្រឿងស្រវឹងអឺរ៉ុប។

បន្ថែមពីលើពន្ធប្រឆាំងតបទាំងនេះ ប្លុកអឺរ៉ុបក៏បានរឹតបន្តឹងប្រព័ន្ធការពារដែលមានស្រាប់ លើដែកថែបកាលពីថ្ងៃទី០១ ខែមេសា ដើម្បីកាត់បន្ថយការនាំចូលចំនួន ១៥% ទៅអាមេរិក។ គណៈកម្មការក៏កំពុងពិនិត្យមើលកូតានាំចូលអាលុយមីញ៉ូមផងដែរ ហើយប្រទេសសមាជិកសហភាពអឺរ៉ុប នឹងត្រូវបោះឆ្នោតលើសំណើនេះនៅថ្ងៃទី០៩ ខែមេសា ស្អែកនេះ៕ ដកស្រង់ពី BAYON Radio News