ដល់ក ! បង្ក្រាបទីតាំងផលិតស្រាក្លែងក្លាយ ម៉ាកល្បីៗ មួយកន្លែងរកឃើញស្រាសម្រាប់លាយជាច្រើនកេស..
Heang
-

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។

វត្ថុតាងស្រា ក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលដែលប្រព្រឹត្ត សូមផ្អាកសកម្មភាពបែបនេះជាបន្ទាន់ ជៀសវាងនូវការទទួលទោសចំពោះមុខច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី។