ក្រសួងកិច្ចការនារី បានអញ្ជើញឈ្មោះ រិះ សៀវហុង ហៅ You Ri ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ដោយសារតែ...
Heang
-

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ បានអញ្ជើញឈ្មោះ រិះ សៀវហុង ហៅ You Ri ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ តាមរយៈការបង្ហោះវីដេអូក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលនាំឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងសំណាក់ថ្នាក់ដឹកនាំ និងសាធារណជនខ្មែរទូទៅ។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងមានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងតំណាងសហគមអ្នកស្រឡាញ់ភេទដូចគ្នា។

ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន សូមធ្វើការអំពាវនាវដល់ សាធារណជនគ្រប់រូប មេត្តាបញ្ឈប់នូវការបង្ហោះមាតិកាដែលមានភាពអវិជ្ជមានដល់សង្គម ក៏ដូចជាបញ្ឈប់ការរើសអើង ការមើលងាយ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ ចំពោះសហគមអ្នកស្រឡាញ់ភេទដូចគ្នា រាប់បញ្ចូលទាំងស្រ្តីប្តូរយេនឌ័រ (ស្រ្តីភេទទី៣) ដែលជាជនងាយរងគ្រោះ ដើម្បីយើងអាចរស់នៅក្នុងសង្គមប្រកបដោយភាពសុខសាន្តទាំងអស់គ្នា៕