ភ្នំពេញ៖ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ម៉ូតូជាច្រើនគ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស រំខានតាមដងផ្លូវសាធារណៈ បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើការឃាត់រក្សាទុករយៈពេល៣ខែទើបប្រគល់ឱ្យម្ចាស់វិញ ។
ប្រតិបត្តិការឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ម៉ូតូជាង២០គ្រឿង ក្នុងនោះមានបំពាក់ស៊ីម៉ាំង និងការកែច្នៃខុសបច្ចេកទេស ខុសពីទ្រង់ទ្រាយដើម ជាក់ស្តែងអ្នកដែលជិះម៉ូតូដែលមានការកែច្នៃទាំងនេះ ភាគច្រើនសុទ្ធតែជាយុវជន ដែលមានវ័យជំទង់។ ចំពោះម៉ូតូមួយចំនួន ដែលមានស៊ីម៉ាំងញ៉ុកទៅដោយបំណែកដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីម៉ាំងដែលកម្មង់ទិញពីក្រៅប្រទេស ដែលមានសម្លេងរំខានខ្លាំងផងដែរ ។

បច្ចុប្បម្នម៉ូតូជាច្រើនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ន រយៈពេល៣ខែ មុននឹងប្រគល់ជូនសាមីខ្លួនវិញ ដោយតម្រូវឲ្យមានអាណាព្យាបាលមកជាមួយផងដែរ៕ ប្រភព BTV
