ការឆ្លើយតបរបស់កម្ពុជា ជាមួយការប្រមាថ និងគំរាមកំហែងរបស់ក្រុមយោធាថៃ ដូចជាសត្វពស់ ដែលមិននិយាយស្ដីអ្វីច្រើនឡើយ តែបើមិនស្រួលចឹកសម្លា.ប់ចោលតែម្ដង...
Heang
-

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រៀបធៀបការឆ្លើយតបរបស់កម្ពុជា ជាមួយការប្រមាថ និងគំរាមកំហែងរបស់ក្រុមយោធាថៃ ដូចជាសត្វពស់ ដែលមិននិយាយស្ដីអ្វីច្រើនឡើយ តែបើមិនស្រួលចឹកសម្លាប់ចោលតែម្ដង។

ក្នុងឱកាសអញ្ជើញជាអធិបតី​បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានធ្វើឡើងនៅទឹកដីអង្គរនៃខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជារក្សានូវជំហរទន់ភ្លន់ តែក៏ត្រូវឆ្លើយតបភ្លាមៗដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជាផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាយើងមានភាពទន់ភ្លន់របស់យើង ប៉ុន្ដែបើអ្នកឯងបំពាន យើងត្រូវតែឆ្លើយតប យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញវិធានការ ដើម្បីការពារមុខមាត់ជាតិ និងអធិបតេយ្យជាតិ។ យើងប្រើវិធីដូចពស់ អត់មានទេនៅស្ងៀម តែមករញ៉ែរញ៉ៃចឹកងាប់បាត់។ អ្នកណាជាអ្នកចាប់ផ្ដើមជាឯកតោភាគីបែបនេះ មិនមែនកម្ពុជា កម្ពុជាមិនចង់ប្រើទេព្រោះបង្កការលំបាកដល់ប្រជាពលរដ្ឋតាមព្រំដែន ប៉ុន្ដែបើអ្នក (ថៃ) ធ្វើយើងធ្វើ»។

វិធានការឆ្លើយតបបន្ទាន់របស់កម្ពុជា ដែលរក្សាភាពស្ងៀមស្ងាត់ប្រៀបដូចជាពស់ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះ ដូចជាការបិទបើកច្រកទ្វារព្រំដែន ភាគីថៃបានសម្រេចដោយឯកតោភាគី អនុវត្តបើកនៅម៉ោង៨ព្រឹក បិទនៅម៉ោង៤ល្ងាច ដោយមិនជូនដំណឹងមកកម្ពុជា តែរំលងបានមួយយប់កម្ពុជាឆ្លើយតបវិញ ដោយបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤ល្ងាច។ នៅពេលនេះធ្វើភាគីថៃមានការងឿងឆ្ងល់ជាខ្លាំង ដែលកម្ពុជាមិនទាន់បើកច្រកនៅម៉ោង៨ ដោយរង់ចាំរហូតដល់ម៉ោង៩ព្រឹក។

ចំពោះករណីគំរាមផ្ដាច់ភ្លើង និងផ្ដាច់អ៉ីនធ័រណេតវិញ ក្រុមយោធាថៃបានដាក់សម្ពោធមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារព្រមានផ្ដាច់បណ្ដាញទាំងពីរនេះ មិនឲ្យផ្គត់ផ្គង់មកពលរដ្ឋប្រើប្រាស់នៅតាមព្រំដែន។ គ្រាន់តែឮការព្រមានបែបនេះ កម្ពុជាមិនទាន់មានការឆ្លើយតប ឬបញ្ចេញសារត្រឡប់ទៅថៃវិញឡើយ ដោយសម្ដេចបញ្ជាឲ្យមន្ដ្រីជំនាញ និងអាជ្ញាធរខេត្តជាប់ព្រំដែន កាត់ផ្ដាច់ចោលភ្លើង និងអ៉ីនធ័រណេតមកពីប្រទេសថៃទាំងអស់ ហើយងាកមកប្រើប្រាស់បណ្ដាញរបស់ជាតិ និងអ៉ីនធ័រណេតក្នុងស្រុកវិញដោយមិនមានបញ្ហាចោទឡើយ។

មួយវិញទៀត ចំពោះបណ្ដឹង៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ពាក់ព័ន្ធតំបន់មុំ៣ ប្រាសាទមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី, ក្រោយសិក្សាល្អិតល្អន់ថាមិនមានលទ្ធភាពទៅសួរក្នុងការជជែកទ្វេរភាគីតាមរយៈយន្ដការ JBC សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានការគាំទ្រយ៉ាងពេញទំហឹងក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា សម្រេចប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ដោយមិនបានជូនដំណឹងទៅភាគីថៃនោះឡើយ។

ដោយឡែក ចំពោះវិធានការថ្មីៗមួយទៀតចុងក្រោយនេះ ភាគីថៃបានគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងដល់កម្ពុជា ដើម្បីដាក់សម្ពាធកាន់តែធ្ងន់ក្នុងរយៈពេលមួយខែ ប៉ុន្ដែក្រោយការប្រកាសប៉ុន្មានម៉ោង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការវាយបកវិញ ដោយបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះតែម្ដង កុំរង់ចាំភាគីថៃផ្ដាច់ទាន់។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការសម្រេចចិត្តដោយឯកតោភាគីក្រោយការតានតឹងដាក់គ្នាលើបញ្ហាព្រំដែន គឺភាគីថៃជាអ្នកសម្រេចចិត្តមុនកម្ពុជាទាំងអស់ ហើយកម្ពុជាគ្រាន់តែដើរជំហ៊ានបន្ទាប់មួយ ដើម្បីបញ្ជាក់អំពីជំហរម្ចាស់ការរបស់ខ្លួនប៉ុណ្ណោះ ដើម្បីការពារមុខមាត់ជាតិ អធិបតេយ្យ និងបូរណភាពទឹកដី និងបង្ហាញអំពីការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តឆ្លើយតបវិធានការណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមែនធ្វើដោយភាពកត់ក្រហលនោះទេ ពោលបានសិក្សា និងគិតគូរយ៉ាងម្មត់ចង់គ្រប់ជ្រុងជ្រោយ។ សម្ដេចបង្ហើបថា កម្ពុជានៅមានសន្លឹកបៀរច្រើនទៀតដែលត្រូវលេងជាមួយភាគីថៃ ប្រសិនបើថៃចង់លេងបន្ដទៀត គឺកម្ពុជាអាចកំដរបានគ្រប់ពេល៕