អគ្គីភ័យឆាបឆេះបន្ទប់KTVកូប្រាហ្គោល បណ្តាលឲ្យក្រុមពន្លត់អគ្គិភ័យ​២នាក់​ថប់ដង្ហើមពេលចូលទៅពន្លត់
ណារ៉ា
-

ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងនៅក្នុងអគារ​ខារ៉ាអូខេ​ កូប្រាហ្គោល នៅតាមបណ្ដោយផ្លូវលេខ២៥៤ កែងនិងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងទី​២១ ខែមេសា​ ឆ្នាំ​២០១៨ ខណៈពេលនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមជាមួយកងកម្លាំងអន្តរាគមន៍មកបាញ់ពន្លត់អគ្គិភ័យជាច្រើននាក់ផងដែរ ។

ក្នុងប្រតិបត្តិការណ៍នោះដែរ ក៏មានភ្នាក់ងារពន្លត់អគ្គិភ័យ​ ២នាក់ ​ជួបបញ្ហាថប់ដង្ហើមដេកដួល ខណៈពេលអស់ខ្យល់​អុកស៊ីហ្សែន​ ក្នុងពេលចូលទៅបាញ់ពន្លត់ ខាងក្នុងអាគារ​ខារ៉ាអូខេ​ កូប្រាហ្គោល ដែលកំពុងឆាបឆេះបន្ទប់ជាន់ខាងលើ តែទោះជាយ៉ាងណា ក៏មានរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់កន្លែងកើតហេតុ ហើយបានដឹកបញ្ចូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ផងដែរ ។
យ៉ាងណាមិញខាងអាជ្ញាធរនិងសមត្ថកិច្ច មិនទាន់បញ្ជាក់អោយដឹង អំពីមូលហេតុ​ដែលបណ្ដាលអោយមានការឆាបឆេះដោយសារអ្វីនៅឡើយទេ និងការខូចខាតអស់ប៉ុន្មាននៅឡើយ។
អគ្គីភ័យ​ខាងលើបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង០៣:០០នាទីទៀបភ្លឺ​ ថ្ងៃដដែលនេះ​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៣គ្រឿង របស់ស្នងការ នគរបាលរាជធានីភ្នំពេញចំនួន១១គ្រឿងនិង របស់៧១១ចំនួន២គ្រឿង ៕