ស៊ែរចែកគ្នាមើលមុខហើយប្រុងប្រយ័ត្ន...កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចោរប្លន់ចំនួន០​៦នាក់ព្រមទាំងដកហូតម៉ូតូ៣គ្រឿង​ និងកាំភ្លើងខ្លីមួយដើម​
ណារ៉ា
-

ភ្នំពេញៈ​ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហ​ការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌ៧មករា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ​ ចុះប្រតិបត្តិការឃាត់ខ្លួនជន​សង្ស័យប្រុសស្រី៦​នាក់នៅអាគារបុរីកីឡា អាគាទី៨ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយសង្ស័យពួកគេជាប់ពាក់ព័ន្ធនូវករណីប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងតាមខេត្តកន្លងមក ។

​ សមត្ថកិច្ចបានអោយដឹងថា​ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី៦​ នាក់​ ដកហូតម៉ូតូ៣គ្រឿង​ នឹងកាំភ្លើងខ្លីមួយដើម​ រួមទាំងសម្ភារប្រើប្រាស់​ មួយចំនួនទៀត​ ។ ក្រោយពីឃាត់ខ្លួន​ ជនសង្ស័យទាំង៦នាក់នាំម៉ូតូ​ ទាំង៣គ្រឿង​ បានយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ដើម្បីបន្តការស្រាវជ្រាវបន្ថែម​ ។
​ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញា​ណជនសង្ស័យទាំង៦នាក់នៅឡើយ​ ដោយសមត្ថកិច្ចអះអាងកំពុងសាកសួរនឹងតាមចាប់បក្ខពួកបន្ថែមទៀត​ ។
​ គួរបញ្ជាក់ថា​មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ​ គឺកាលពីវេលាទៀបភ្លឺថ្ងៃទី២២​ ខែមេសា​ ឆ្នាំ​ ២០១៨​ នគរបាលខណ្ឌចំការមនឃាត់បុរសម្នាក់ដែលដកកាំភ្លើងបាញ់នារីម្នាក់របួសជើង​ ហើយក៏ធ្វើការសាកសួរបុរសនោះទើបរហូតឈានដល់ការឃាត់ខ្លួនជនទាំង៦នាក់នេះតែម្តងទៅ៕