ថៅកែវៀតណាម បើកកន្លែងផលិតជីកសិកម្មខុសច្បាប់រាប់តោន លក់នៅលើទីផ្សារខ្មែរ
-

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១និង៤០នាទី ដោយមានការសម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជ​អាជ្ញា​​រង​អម​សាលាដំបូង​ខេត្ត សហការសមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​ដោយ​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​វេច​ខ្ចប់​ថ្នាំពុល​សម្លាប់​សត្វល្អិត និង​ថ្នាំ​ជី​កសិកម្ម​ខុសច្បាប់​ ជាច្រើនដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា បានឆែកឆេរនៅទីតាំងខាងលើ គឺមានច្បាប់ត្រឹមត្រូវ ​ពី​ក្រសួងកសិកម្ម ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​ ដែលមានចំនួន៣៤​​ប្រភេទ។ តែ​ក្រោយមក​ យើង​រក​ឃើញ​កន្លែង​ដែល​គាត់​លួច​ផលិត​វេច​ខ្ចប់​ទាំង​​អស់ ហើយ​គាត់​យក​បញ្ជី​ការ​ដែល​ក្រសួងកសិកម្ម​អនុញ្ញាត​ឱ្យ​នេះ ​យក​ទៅ​បិទ​នៅ​កន្លែង​ដែល​គាត់​លួច​ផលិត និង​វេច​ខ្ចប់​ដោយ​ខុសច្បាប់ ។
លោក​ឧត្តមសេនីយ៍ទោ​បន្ត​ថា នៅក្នុងប្រតិបត្តិការ​នេះ ​យើង​រក​ឃើញ​វត្ថុធាតុដើម​ខុសច្បាប់ និង​កន្លែង​ផលិត កន្លែង​​លាយ កន្លែង​វេច​ខ្ចប់ គឺ​គ្មាន​អ្នកបច្ចេកទេស​ត្រឹមត្រូវ​ទេ ហើយ​កន្លែង​ផលិត​អត់​មាន​ស្តង់ដារ​ ជាច្រើន ។ លទ្ធផល​ដែល​កម្លាំង​ចម្រុះ​បង្ក្រាប​មាន​ស្លាក​សញ្ញា​ដែល​ម្ចាស់​ទីតាំង​លួច​ផលិត និង​វេច​ខ្ចប់​ចំនួន​១៤​ស្លាក និង​ថ្នាំ​កសិកម្ម​ដែល​ផលិត​ហើយ​ជិត​១០​តោន និង​ស្លាក​ថ្នាំ​ចំនួន​២​តោន ដែល​មិន​ទាន់​វេច​ខ្ចប់​និង​ផលិត ។
នៅក្នុងប្រតិបត្តិការនេះផងដែរ លោក ឧត្តមសេនីយ៍​បន្ថែម​ទៀត​ថា ថៅកែជាជនជាតិវៀតណាម មិនបាននៅកន្លែងនោះទេ គឺមានតែមេការជាជនជាតិវៀតណាម ម្នាក់ដែលត្រូវបានធ្វើការឃាត់ខ្លួនបាន ដើម្បីយកទៅសួរនាំ។
ដោយ៖ ភារាម