សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ស្ថិតនៅក្នុងខេត្តកណ្ដាល
-

នៅព្រឹកថ្ងៃព្រហ្បត៍ ៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់​ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សំភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤លានដុល្លាអាមេរិក ដែលបានមកពីការចូល​ ឧបត្ថម្ភពី សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពាជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន​​ រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញដើម្បីបំពេញតម្រូវការតាមសំណូមពររបស់បងប្អូនកងកម្លាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស​ ដើម្បីទទួលបានអគារស្នាក់នៅ និងការិយាល័យធ្វើការបានល្អប្រសើរ​ ព្រមទាំងមានសម្ភារៈយោធាគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មការពារជាតិមាតុភូមិ។ ក្រោយពីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្សរួចហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាប្រមាណ ៣១៦៧នាក់ផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើការធ្វើការកំណែទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បីអោយការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះដែលរាជរដ្ឋាភិបាលបានធ្វើការតំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០១៩ទៅប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានខិតខំធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជាប្រព័ន្ធហិញ្ញវត្ថុ, កំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោ បានសង្កត់ធ្ងន់ចំពោះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ ត្រូវដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន អោយបានលឿន និងមានប្រសិទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលកន្លងមកតែងតែគោរពស្រលាញ់ចំពោះសម្តេចផ្ទាល់ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់រហូតមក។ សម្តេចតេជោ ក៏បានជូនពរដល់សមាជិក សមាជិការទាំងអស់ សូមជួបតែសេចក្តីសុខសេចក្តី សេចក្តីចម្រើនគ្រប់ៗគ្នា។ ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ សូមបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕

ប្រភព៖​ Samdech Hun Sen, Cambodian Prime Minister