បែកធ្លាយរឿងគ្រូពេទ្យទៀតហើយ...មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ ធ្វើការធ្វេសប្រហែស បណ្តាលស្រ្តីសម្រាលកូនរួមនឹងកូននៅក្នុងផ្ទៃ ស្លាប់បាត់បង់ជីវិត ក្រោយពេលវះកាត់...
-

ខេត្ត​ព្រះសីហនុ៖ នេះ​បើតាម​សំដី​រិះគន់​ពី​ក្រុមគ្រួសារ​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត និង​អ្នក ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់​អ៊ុំ​ស្រី​ឈ្មោះ​ឯម សុខា​ត្រូវជា​ម្តាយសព​ស្ត្រី​រងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​ម្តាយ និង​កូន បាន​រៀប​រាប់ទាំង​ទឹកភ្នែក​លាយឡំ​ដោយ​ក្តី​សោកស្តាយ​ថា កូនស្រី​គាត់​ឈ្មោះ ធា ណា​រី អាយុ៣១ឆ្នាំ មុខរបរ​ជាជាង​កាត់ដេ​រ​សម្លៀកបំពាក់ ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ឈឿន សំណាង មុខរបរ​ជាជាង​ជួសជុល​រថយន្ត រស់នៅ​ជាមួយ​ឪពុក ម្តាយ​មាន​ទីលំនៅ​ភូមិ០២ សង្កាត់​លេខ០៣ក្រុង.ខេត្ត​ព្រះសីហនុ ។

សង្ស័យ​ដោយសារតែ​ការធ្វេសប្រហែស មិនមាន​ការប្រុងប្រយ័ត្ន ក្នុងពេល​បំពេញ​កាតព្វកិច្ច ដែល​ទាក់ទង​ទៅ និង​លក្ខណ: បច្ចេកទេស គិលានុបដ្ឋាក និង​ឆ្មប​ផ្នែក​សម្រាលកូន​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង២ និង៤០នាទី​រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ បណ្តាល​ឲ្យ​ស្ត្រី​វ័យក្មេង​ម្នាក់ និង​ទារក​នៅក្នុង​ផ្ទៃ​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​ក្រុមគ្រូពេទ្យ​ផ្នែក​សម្រាលកូន​បានធ្វើ​ការវះកាត់។
កន្លងមក​ដោយ​យល់ឃើញថា​មន្ទីរពេទ្យបង្អែក​ខាងលើ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មកពី​ក្រៅ​ខេត្ត​ស្រាប់តែ​ពេលវេលា​ខាងលើនេះ​ដោយសារតែ​ការធ្វេសប្រហែស​មិនមាន​ការប្រុងប្រយ័ត្នរ​បស់​ក្រុមគ្រូពេទ្យ​ក្នុង​វេន​ប្រចាំការ​ផ្នែក​សម្រាលកូន​នា​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បណ្តាល​ឲ្យ​កូនស្រី​របស់គាត់ និង​ទារ​កបាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល សម្រាល​ដោយ​វះកាត់​យក​កូន​ចេញពី​ផ្ទៃ​បាន​ប្រមាណ​ជា៣០នាទី​ប៉ុណ្ណោះ ។
អ៊ុំ​ស្រី​ជា​ម្តាយ និង​ស្វាមី​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​លាយឡំ នឹង​ក្តី​សោកស្តាយ​ជា​ពន់ពេក ដែល​បាត់បង់​កូនស្រី និង​ជា​ប្រពន្ធ​ជាទី​ស្រឡាញ់​ដោយបាន​បញ្ជាក់ថា​កូនស្រី​គាត់​មានកូន​ស្រី​មួយ​អាយុ​ទើបតែ​បាន៣ខួប​ប៉ុណ្ណោះ ហើយ​ការ​សម្រាលកូន​នាពេល​វេលា​ខាងលើ​ជា​កូន​ទី០២ទៅហើយ​មិនគួរណា​មាន​ហេតុការណ៍​អកុសល​បែបនេះ​កើតឡើង​បាន ។
គាត់​បាន​បន្ត​ឲ្យ​ដឹង​អំពី​សកម្មភាព ដែល​កូន​របស់គាត់​ឈឺពោះ​សម្រាលកូន​តាំងពី​ចាប់ផ្តើម​ជំ​ហ៊ាន​ដំបូង​ដោយសារ​មើលឃើញ​កូន​គាត់(ស្ត្រី​រងគ្រោះ)មាន​សុខ​ភាពល្អរ​ធម្មតា​ក្រុមគ្រូពេទ្យ​ប្រចាំការ​បាន​ឲ្យ​កូន​គាត់​សម្រាល​តាម​លក្ខណ:ធម្មតា ដោយ​ប្រើ​រយ:ពេល​យូរ​ស្ត្រី​រងគ្រោះ​ខំប្រឹង​ក្នុងពេល​សម្រាល​ទារក​តែ​សម្រាល​មិនបាន ទុក​រហូតដល់​យឺត​ពេល​ទៅហើយ​បាន​ក្រុមគ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់​យក​កូន​ចេញពី​ផ្ទៃ​ម្តាយ ។ បន្ទាប់ពី​ធ្វើការ​វះកាត់​រួច​មុខរបួស​ស្ត្រី​រងគ្រោះ​ហូរឈាម​មិន​ឈប់​ពេលនោះ​ក្រុមគ្រូពេទ្យ​ក៏​ចាប់ផ្តើម​ធ្វើការ​វះកាត់​ជា​លើក​ទី០២ទៀត ។ បន្ទាប់ពី​ការវះកាត់​ហើយ​រួចរាល់​បាន​រយ:ពេល​ប្រមាណ ៣០នាទី​ស្ត្រី​រងគ្រោះ និង​ទារិកា​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​ខាងលើនេះ​តែម្តង ។
ម្តាយ​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​កូនស្រី និង​ចៅ​របស់គាត់​បាន​ស្លាប់​ទៅហើយ គ្រូពេទ្យ​ប្រធាន​វេន​ប្រចាំការ​ក្នុង​ថ្ងៃកើតហេតុ​មិនបាន​យកចិត្តទុកដាក់​ផ្តល់​ជា​កម្លាំងចិត្ត បង្ហាញ​ពី​ហេតុផល​ដើម្បី​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត​ដល់​ក្រុមគ្រួសារ​សព បែរជា​ប្រើពាក្យ​គម្រាម​គាត់​បន្ថែមទៀត​ថាបើ​ហ៊ាន​តែ​ទៅ​ប្តឹងផ្តល់ មីង​មិនអាច​មានមុខ​ចូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខាងលើ​បាន​ទៀត​ទេ ថ្ងៃក្រោយ ដែល​សំដី​គំរាមកំហែង​បែបនេះ​គ្រួសារ​សព​បានចាត់ទុក​ថា​ជា​គ្រូពេទ្យ​មិនមាន​វិជ្ជាជីវ:ទើប​ទុក​ឲ្យ​កូនស្រី​គាត់ និង​ចៅ​ស្លាប់​បែបនេះ ។ ក្រោយ​កើតហេតុ​ខាងលើ​សំណុំរឿង​ដ៏​ក្តៅគគុក​មួយ​នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ផ្នែក​សម្រាលកូន​វេន​ប្រចាំការ​បាន​ព្យាម​លាក់បាំង​ជាមួយ​ក្រុម​គណ:គ្រូពេទ្យ​នៃ​មន្ទី​សុខាភិបាល​ខេត្ត​ព្រះសីហនុ លុះដល់​បែកធ្លាយ​ទើប​រត់​ជាន់ជើងគ្នា ។ ព័ត៌មាន​ដែល​ទើប​ទទួល​បានជា​ចុង​ក្រោយពី​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា អាណាព្យាបាល​គ្រូពេទ្យ​ទទួលបន្ទុក​ក្នុង​ហេតុការណ៍​ខាងលើ​គ្រោង​ជូន​ជាថ​វិការ​ចំនួន៥០០០ដុល្លារ​អាមេរិក​ដើម្បី​បញ្ចប់រឿង​មិន​មានការ​ប្តឹងផ្តល់​បន្ត​ទៀត ។ ដោយឡែក​លោក​ប្រធាន​គណ:ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​បែកធ្លាយ​សំណុំរឿង​ខាងលើ គណ:ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល និង​ចាត់ចែង​ឲ្យ​ផ្នែក​គាំពារ​សុខភាព​ម្តាយ និង​ទារក​ចុះ​បន្ត​ការស្រាវជ្រាវ​ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់ ។ ក្រុមគ្រួសារ សាច់ញាតិ​សព​ស្តរី​រងគ្រោះ​ខាងលើ​បាន​សំណូមពរ​ដល់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មេត្តាជួយ​អន្តរាគមន៍​ដើម្បី​បានផ្តល់​ភាព​យុ​ត្តិ​ធ​ម៏​សម្រាប់​សព​ស្ត្រី​រងគ្រោះ និង​ក្រុមគ្រួសារ​សាច់ញាតិ បាន​ស្ងប់​អារម្មណ៍ ។ ជាពិសេស​សំណូមពរ ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​សម្តេច​កិត្តិ​បណ្ឌិត​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​មិន​ថា នៅ​ទីប្រជុំជន ឬ​ជនបទ​ដាច់ស្រយាល​អំពី​ការ​គាំពារ​សុខភាព​មាតា និង​ទារក ។ ដោយឡែក​លោក​សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខាងលើនេះ មិនអាច​ស្វែងរក​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក ៕ ប្រភព៖ កូន ខ្លាតូច